(ភ្នំពេញ)៖ ដោយសង្កេតឃើញបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ពិសេសនៅលើ Facebook កំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា ដែលជាកង្វល់របស់ប្រជាពលរដ្ឋនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញពីល្បិចមួយចំនួន ដើម្បីដាស់តឿនប្រជាពលរដ្ឋ អាចគេចផុតពីអន្ទាក់របស់ក្រុមឧក្រិដ្ឋជន។

គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បញ្ជាក់ថា អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអ៉ីម៉ែល របស់ជនរងគ្រោះ លើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (ពេញនិយមនៅកម្ពុជា)៖

*ទី១៖ ប្រាប់ជនរងគ្រោះថា ទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់
*ទី២៖ ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់
*ទី៣៖ ប្រាប់ជនរងគ្រោះថា ខ្លួនមានឧបករណ៍ និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ
*ទី៤៖ ប្រាប់ជនរងគ្រោះថា ឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ
*ទី៥៖ ប្រាប់ជនរងគ្រោះថា ទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ
*ទី៦៖ ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញ ដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ
*ទី៧៖ ប្រាប់ជនរងគ្រោះថា ពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរ នឹងការលុបរូបភាព ឬវីដេអូទាំងនោះ
*ទី៨៖ ប្រាប់ជនរងគ្រោះថា នឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន
*ទី៩៖ បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រើប្រាស់មនោសញ្ចេតនាឆបោកប្រាក់ ពីជនរងគ្រោះ (Romantic Scam)។

នាយកដ្ឋានព័ត៌មានវិទ្យា ក៏បានក្រើនរំលឹកប្រជាពលរដ្ឋ ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម Facebook មេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ និងធ្វើសេចក្តីរាយកាណ៍ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសខាងលើ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធបទល្មើសនេះ គេសង្កេតឃើញថា កន្លងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏តែបង្ក្រាបបានជាបន្ដបន្ទាប់ផងដែរ ដែលអ្នកប្រព្រឹត្តមួយចំនួនជាជនជាតិបរទេស ហើយខ្លះក៏មានបណ្ដាញមកពីក្រៅប្រទេស៕