(ភ្នំពេញ)៖ ឧកញ៉ា ហេង សិទ្ធី អគ្គនាយកក្រុមហ៊ុនម៉ារីថាមគ្រុប និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនម៉ារីថាមគ្រុប បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃចម្រើនជន្មាយុគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

ក្នុងសារលិខិត បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃក្រុមហ៊ុនម៉ារីថាមគ្រប សូមគោរពជូនពរ បវរមហាប្រសើរប្រកបដោយមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សុភមង្គលដ៏ត្រចះត្រចង់ និងមានជន្មាយុយឺនយូរតរៀងទៅ។

ក្នុងឱកាសដ៏មហាកិត្តិយសនេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយគោរពកោតសរសើរដ៏ស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាកុលធីតាខ្មែរមួយរូបដ៏ឆ្នើម ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អជាជីដូនដែលមានព្រហ្មវិហារធម៌ និងជាមាតាមនុស្សធម៌ ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់រូប មានស្នាដៃដ៏ប៉ិនប្រសប់ និងគំនិតប្រាជ្ញាដ៏ឧត្តុង្គឧត្តមឈ្លាសវៃ ក្នុងការដឹកនាំកាកបាទក្រហមកម្ពុជា ដើម្បីបំពេញ បេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លា ប្រកបដោយគុណធម៌ សប្បុរសធម៌ រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាក ជូនប្រជាពលរដ្ឋរងគ្រោះគ្រប់រូប គ្រប់ទីកន្លែងទូទាំងប្រទេស និងបានខិតខំលើកតម្កើងសីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរ ឲ្យបានខ្ពង់ខ្ពស់រុងរឿង។

សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាភរិយាដ៏ឧត្តុង្គឧត្តមនៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ ទទួលបាននូវពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមប្រកបតែសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំង ខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ កុំបីឃ្លៀងឃ្លាតឡើយ»៕