(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលំអរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។

ជាលទ្ធផល មានពលរដ្ឋសរុបចំនួន ៤៥គ្រួសារ ដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង (ប៉ះរបង តូប និងសំយ៉ាបផ្ទះ ដែលសាងសង់លើចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ ៤៤គ្រួសារសាទរ ចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្ត ដោយស្ម័គ្ររុះរើសំណង់ តូបនិងសំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពឲ្យអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ទន្ទឹមនេះដែរ ក៏មានម្ចាស់សណ្ឋាគារ១ទីតាំង (សណ្ឋាគារទែរូ) បានជំទាស់មិនសហការជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតតាម (Facebook) ទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង ៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធរបស់គាត់ (លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ)។

ក្រោយការចុះសម្របសម្រួលរបស់លោក ថង សាវុន ដោយពន្យល់លំអិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា ព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ប៉ុន្តែគាត់ទាមទារសំណងលើផលប៉ះពាល់មួយចំនួន (ប៉ះពាល់ផ្នែកខ្លះ នៃរបងសណ្ឋាគារ)។

សូមបញ្ជាក់ថា ក្រោយពីមានការបង្ហោះលើគណនី (Facebook) លោកស្រី Chenda Chais ម្ចាស់ភោជនីដ្ឋានទែរូ (Terres Rouges) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ ដែលមានសំណេរថា «នាងខ្ញុំមិនជំទាស់ នឹងគម្រោងពង្រីកផ្លូវទេ។ ប៉ុន្តែគម្រោងនេះ កើតក្រោយការវិនិយោគរបស់ខ្ញុំ។ ហេតុដូចនេះ ហើយគណៈកម្មការខេត្តរតនគិរី គួរតែធ្វើផ្លូវវៀងបញ្ជៀសគេចឲ្យផុតរបងសណ្ឋាគារ។ ទែរូ សាងសង់លើផ្ទៃដីសរុប១១,៧៥៤ម៉ែត្រការ៉េ មានប្លង់រឹង៥ក្បាលដី រួមទាំងច្បាប់បើកអាជីវកម្មស្របច្បាប់។ ម្យ៉ាងទៀត បើពង្រីកផ្លូវទៅខាងមាត់បឹង នឹងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋទេ។ ប្រជាជនរងគ្រោះទាំង៤៥គ្រួសារ ចង់ទាមទារតវ៉ាដែរតែពួកគាត់មានការភ័យខ្លាច បានត្រឹមតែស្រក់ទឹកភ្នែកបង្ខំចិត្តយល់ព្រម ទាំងក្តុកក្តួលព្រោះគ្មានលទ្ធភាពបញ្ចេញយោបល់បាន»

ឆ្លើយតបនឹងគណនី Facebook ខាងលើនេះ អភិបាលក្រុងបានលុង លោក ងិន ណែល បានឲ្យដឹងថា ខេត្តមានផែនការច្បាស់លាស់ណាស់ ក្នុងការអភិវឌ្ឍន៍ ពង្រីកផ្លូវជុំវិញបឹងកន្សែងនេះ។ មុននឹងឈូសឆាយពង្រីក រដ្ឋបាលក្រុងបានលុង បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានលំនៅដ្ឋានជុំវិញបឹងកន្សែងឲ្យរុះរើសំយ៉ាប ឬរបងដែលសាងសង់ចូលចំណីផ្លូវ ដោយទុករយៈពេល៣០ថ្ងៃ។

លោកថា ក្រោយជូនដំណឹង ប្រជាពលរដ្ឋមានការសហការល្អជាមួយគណៈកម្មការខេត្តក៏ដូចជាមួយរដ្ឋបាលក្រុង។ ដោយឡែក ម្ចាស់សណ្ឋាគារ មិនព្រមសហការរុះរើរបងសណ្ឋាគារ ដែលសាងសង់ចូលចំណីផ្លូវសាធារណៈរបស់រដ្ឋ។

លោក ងិន ណែល បញ្ជាក់ទៀតថា ឥឡូវរដ្ឋបាលក្រុងបានលុង ចេញសេចក្តីជូនដំណឹងដល់លោកស្រី ខៃ ចិន្តា ជាម្ចាស់សណ្ឋាគារ ដោយទុករយៈពេល១៥ថ្ងៃទៀត គឺគិតចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឲ្យរុះរើរបងរឺសំណង់ដែលរងផលប៉ះពាល់ចេញ។

បើផុតឱសានវាទហើយ ម្ចាស់សណ្ឋាគារទែរូ មិនរុះរើទៀត រដ្ឋបាលក្រុងនឹងមានវិធានការ ចុះរុះរើដោយមិនទទួលខុសត្រូវសំណង់ ដែលរងផលប៉ះពាល់ដាច់ខាត ហើយម្ចាស់សំណង់ត្រូវរ៉ាប់រងចំណាយ ក្នុងការរុះរើថែមទៀតផង៕