(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើកចុងក្រោយរបស់សម្តេច និងភរិយា ព្រមទាំងសហការី ដែលប៉ះពាល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» គឺអវិជ្ជមាន វីរុសកូវី១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសូមថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ ក្នុងការធ្វើតេស្តយកសំណាក និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ក៏ដូចជាក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន យ៉ាងសកម្មដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់។

 តាមរយៈទំព័រ Fecbook នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បានធ្វើតេស្តលើកចុងក្រោយ និងទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺ អវិជ្ជមានទាំងអស់ »

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវសូមបងប្អូនជនរួមជាតិទាំងអស់ បន្តអនុវត្តវិធានការទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវិដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ៕