(កំពង់ធំ)៖ ប្រធានការិយាល័យផលិតកម្ម បសុព្យាបាលសត្វខេត្តកំពង់ធំ រួមជាមួយ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយស្នងការដ្ឋានផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ បង្រ្កាបបានរថយន្តដឹកជ្រូក និងមាន់គ្មានច្បាប់ចំនួន២គ្រឿង ដែលចេញពីប្រទេសថៃ។

ប្រតិបត្តិការនេះធ្វើឡើងស្របពេលតែមួយកាលពីថ្ងៃទី១២ ខែធ្នូ ធ្នាំ២០២០ ក្នុងគោលដៅភូមិសាស្ត្រផ្សេងគ្នា នាខេត្តកំពង់ធំ។ ក្នុងនោះបង្ក្រាបមានរថយន្តដឹកជ្រូក១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខ 2AA-1130 នៅផ្លូវជាតិលេខ៦ ស្ថិតក្នុងចំណុច ភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានជ្រូកចំនួន២៣ក្បាល ដែលមានម្ចាស់ឈ្មោះ សឹម ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទួលចំការ ឃុំកណ្តាលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដឹកជ្រូករស់នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងរុក្ខាប្រមាញ់ និងនេសាទ។ ចំណែករថយន្តគ្មានច្បាប់មួយគ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌ស្លែ ស្លាកលេខ ភ្នំពេញ 2R-9834 ឃាត់បានត្រង់ចំណុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្ក ខេត្តកំពង់ធំ ដឹកប្រភេទមាន់រស់ចំនួន ៤៥០ក្បាល ដែលចេញពីប្រទេសថៃដូចគ្នាផងដែរ។

លោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម បសុព្យាបាលសត្វខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យឃើញថា មានមាន់ចំនួន ៤៥០ក្បាល និងជ្រូកចំនួន២៣ក្បាល ដឹកចេញពីប្រទេសថៃយកមកស្តុបទុក គឺគ្មានលិខិតអនុញ្ញាត្ត មិនមានបញ្ជាក់ពីសុខភាពសត្វ ដែលមានការសង្ស័យថាសត្វទាំងនេះ ផ្ទុកនូវជំងឺផ្ដាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្រ្វិច ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងសត្វយ៉ាងធ្ងន់ធ្ងរ។

លោក តាន់ ម៉េងឆាង បានបន្តថា លោកបានឲ្យមន្ត្រីជំនាញយកសំណាកមាន់ ផ្ញើទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីពិនិត្យលុះត្រាតែខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបញ្ជាក់ពីសុខភាពមាន់ និងជ្រូក ទើបសម្រេចថានឹងចាត់វិធានការតាមនីតិវិធីច្បាប់បន្ត ចំពោះមាន់ ជ្រូក ឬសត្វផ្សេងៗទៀត ដែលដឹកឆ្លងកាត់ត្រូវមានលិខិតបញ្ជាក់ពីសុខភាពសត្វ និងមានលិខិតច្បាប់ត្រឹមត្រូវ ដើម្បីការពារទប់ស្កាត់ជំងឺឆ្លង៕