(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយចំនួន ក្នុងកិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំកំពូលនេះ ផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានានៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មីប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង៖ ទី១៖ ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ, ទី២៖ យុទ្ធសាស្រ្តរយៈពេលវែងក្នុងការដាក់ចេញទិសដៅទៅរកការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ, ទី៣៖ ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុពាក់ព័ន្ធនឹងអាកាសធាតុ និងទី៤៖ ផែនការបញ្ចូលការប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញគោលនយោបាយនានា។

ក្នុងនាមតំណាងឱ្យកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាបានឯកភាពថា ការប្រែប្រួលអាកាសធាតុគឺជាការពិត។ ប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះ។ ទោះបីជាប្រទេសកម្ពុជា ចូលរួមចំណែកតិចតួចក្នុងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សកលក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាព ចូលរួមដោះស្រាយនូវបញ្ហានេះ។

នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩ លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ, វិស័យ សំណល់ និងកសិកម្ម ឬ ស្មើនឹង ១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ ២០៣០ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា គោលដៅថ្មីនេះ ក៏រួមបញ្ចូលការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញចំនួន ២៥ ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix) នៅឆ្នាំ២០៣០។ ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច និងបរិស្ថាន។

សម្តេចបានថ្លែងបន្តថា៖ ជាការពិត ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាប័ន្ននាពេលអនាគត។ ក្នុងន័យនេះ កាប្រែប្រួលអាកាសធាតុជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្ត, យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក។ ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរិមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១ ។

ដើម្បីឱ្យការអនុវត្តនូវយុទ្ធសាស្រ្តរយៈពេលវែងនេះទទួលបានជោគជ័យ សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យកម្ពុជា សូមអំពាវនាវប្រទេសអភិវឌ្ឍន៍ទាំងអស់បំពេញឱ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា៕

ខាងក្រោមនេះជាវីដេអូទាំងស្រុង នៃការថ្លែងសុន្ទរកថារបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ៖