(អាមេរិក)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចធ្លាប់ធ្វើការជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ៣រូបហើយ តាំងពីប្រធានាធិបតី គ្លីនតុន, ប្រធានាធិបតី ប៉ូស បន្តមកដល់ប្រធានាធិបតីអូបាម៉ា ហើយនៅពេលនេះកម្ពុជា មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក មិនមែនជាកូនជឹងអាមេរិកនោះទេ គឺជាដៃគូសន្ទនា។ នេះបើយោងតាមសេចក្តីរាយការណ៍ពីតំណាងអង្គភាពព័ត៌មាន Fresh News ពីសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមកសហរដ្ឋអាមេរិក ក្នុងនាមជាប្រមុខរដ្ឋាភិបាល នៃរដ្ឋអធិបតេយ្យមួយ ដែលស្មើមុខស្មើមាត់ជាមួយប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា សម្តេចមិនមែនជាកូនជឹងអាមេ រិកឡើយ។

ការថ្លែង និងលើកឡើងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលជួបសំណេះសំណាល ជាមួយបងប្អូនពលរដ្ឋខ្មែររស់នៅអាមេរិក ជាង ៥០០នាក់ នៅសណ្ឋាគារ Hyatt Regency Indian Wells ក្នុងទីក្រុង Rancho Mirage រដ្ឋ California។ នៅពេលនេះជំនួប សំណេះសំណាលនេះបានបញ្ចប់ហើយ នៅវេលាម៉ោងប្រមាណ ៦៖២០នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក)៕