(កំពង់ឆ្នាំង)៖ យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ មានយុវជន២នាក់បានរងរបួសធ្ងន់ នៅវេលាម៉ោង ៩៖៣០នាទីយប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើកផ្ទួនគ្នា ដោយជិះម៉ូតូបុករថយន្តផ្សេងគ្នា នៅលើទីតាំងកើតហេតុតែមួយ លើផ្លូវជាតិលេខ៥ ចំណុច ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។

យោងប្រភពព័ត៌មាន ពីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា មុនពេលកើតហេតុមានជនរងគ្រោះ ឈ្មោះ យាំ អាយុប្រមាណ ២៥ឆ្នាំ មុខរបរជាជាងផ្សារដែក មានទីលំនៅ  ក្នុងឃុំពង្រ ស្រុករលាប្អៀរ បានជិះម៉ូតូ ម៉ាកហុងដា ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងដំណើរពីត្បូងមកជើង តាមផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក តូយ៉ូតា កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-8240  បើកបរក្នុងដំណើរស្របទិសគ្នា បានបត់ឆ្វេងកាត់មុខបណ្តាលឲ្យ ម៉ូតូបុករថយន្តនោះពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ ឯម៉ូតូនិងរថយន្តខូចខាតផ្នែក ខាងមុខដូចគ្នា ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។

ដោយឡែកមួយករណីផ្សេងទៀត នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការវាស់វែងកន្លែងគ្រោះថ្នាក់ និងកំពុងមានមនុស្សចោមរោមមើលផង ក៏ស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព-0925 ភព.2 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ កំពង់ឆ្នាំង 1D-3620  បើកបរដោយឈ្មោះ ខែម សុខា អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានបើកយ៉ាងលឿនក្នុងដំណើរពីត្បូងមកជើង ច្រាសទិសគ្នាក៏បានបុករថយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ធ្ងរ។ ចំណែកអ្នកបើកបររថយន្តបានបើករត់ជាង១គីឡូម៉ែត្រទើបឈប់ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលលើផ្លូវជាតិ។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ត ដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្ត និងម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅ
អធិការដ្ឋាននគរបាលក្រុងកសាងសំណុំរឿងតាមផ្លូវច្បាប់ រង់ចាំការដោះស្រាយតាមនិតិវិធី៕