(ភ្នំពេញ)៖​ យុវជនម្នាក់ដែលគេសង្ស័យជាបក្ខពួកក្រុមប្លន់ប្រដាប់អាវុធ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌចំការមន ធ្វើការបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាពប្លន់យកម៉ូតូ Scoppy ពីស្ត្រីម្នាក់បានសម្រេច នៅចំណុចមុខផ្ទះលេខ១៩អា ​ផ្លូវលេខ៣០៤​ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន​ នាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦។

បើតាមកម្លាំងអាវុធហត្ថ ដែលបានចុះទៅបង្ក្រាបក្នុងករណីនេះបានប្រាប់ថា មុនឈានដល់ការចាប់បានជនសង្ស័យ គឺនៅម៉ោង១០៖៣០នាទីយប់ថ្ងៃដដែល មានករណីប្លន់ប្រដាប់អាវុធយកម៉ូតូ Scoppy មួយបានកើតឡើងនៅមុខផ្ទះជនរងគ្រោះ ដែលជនល្មើសមានគ្នា២នាក់ បានដកកាំភ្លើងខ្លីវាយក្បាលស្ត្រីជាម្ចាស់ម៉ូតូបណ្តាលឲ្យបែកក្បាលរងរបួស​។

តាមសំដីសាច់ញាតិស្រ្តីរងគ្រោះម្នាក់បានប្រាប់ថា បន្ទាប់ពីប្លន់យកម៉ូតូបានសម្រេចហើយ ស្រ្តីរងគ្រោះត្រូវបានប្តីដឹកយកទៅដេររបួស នៅមន្ទីរពេទ្យវិសាលសុខជិតផ្សារដើមគរ គាប់ជួនពេលនោះប្តីស្រី្តបានប្រទះឃើញជនសង្ស័យ២នាក់ យកម៉ូតូរបស់គាត់ដែលទើបប្លន់ ពីប្រពន្ធមិនទាន់បានកន្លះម៉ោង ទៅផ្ញើនៅកន្លែងផ្ញើម៉ូតូនៅជិតពេទ្យនោះ ដោយឃើញដូចនេះបុរសជាប្តីស្ត្រីរងគ្រោះ បានខលហៅកម្លាំងអាវុធហត្ថខណ្ឌចំកាមន ឲ្យមកជួយ​ពេលកម្លាំងអាវុធហត្ថមកដល់ មិនបានប្រមាណនាទីផងស្រាប់តែឃើញ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមកយកម៉ូតូវិញ​ ធ្វើឲ្យកម្លាំងបានផ្ទុះអាវុធមួយគ្រាប់ ដើម្បីបង្ក្រាបយកតែម្តង​ បន្ទាប់ពីបង្ក្រាបបានហើយ ជនសង្ស័យត្រូវបាន កម្លាំងអាវុធហត្ថខណ្ឌចំការមន នាំខ្លួនទៅសួរនាំដើម្បីស្វែងរកចាប់បក្ខពួកបន្តទៀត៕