(ស្វាយរៀង)៖ ខណៈដែលការចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ កាន់តែផុសផុលខ្លាំងឡើងនោះ ក្រុមយុវជន ស.ស.យ.ក ទូទាំងខេត្តស្វាយរៀង ចាប់ពីថ្នាក់ខេត្តរហូតដល់សមាជិកភូមិ បានរៃអង្គាសគ្នាប្រមូលបានប្រាក់រៀល ១១,០១០,០០០ រៀល និងប្រាក់ដុល្លារ ២៦៧៩.៤៧ ដុល្លារ (សរុប ៥៤៥១.៩៧ ដុល្លារ) បរិច្ចាគរួមគ្នាជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ជាមួយនឹងការចូលរួមបរិច្ចាគនេះ ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំ និងការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងដំណាក់ជួបបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។

ការចូលរួមបរិច្ចាគនេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១,០០០,០០០ ដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០០,០០០ នាក់៕