(ភ្នំពេញ)៖ ដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែចេញផ្សព្វផ្សាយនូវសេចក្ដីណែនាំតាមរយៈសារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល។

ជាក់ស្តែងចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១១ ខែធ្នូនេះ ម៉ូតូកង់បីរបស់អាវុធហត្ថរាជធានីភ្នំពេញចំនួន១២គ្រឿង ដែលបំពាក់ដោយគ្រឿងឧគ្ឃោសនស័ព្ទបំពងសម្លេង ក៏នៅតែបន្តចេញផ្សព្វផ្សាយ និង អំពាវនាវឲ្យប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួម បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩នេះ ឲ្យបានខ្ពស់បំផុត ពិសេសចូលរួមទប់ស្កាត់កុំឲ្យមេរោគកាចសាហាវមួយនេះ ឆ្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំជាដាច់ខាត បើទោះបីជា ស្ថានភាព នៃការរកឃើញអ្នកវិជ្ជមានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា បច្ចុប្បន្ននេះ គឺមានការថមថយ ខ្លះៗ យ៉ាងណាក៏ដោយ ក៏លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅតែទទូចសូមឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវតែបន្ត ការប្រុងប្រយ័ត្នបន្ថែមទៀត ព្រោះថា វីរុសនេះបានឆ្លងចូលទៅក្នុងសហគមន៍ ជាចង្កោម និងដោយកន្លែង ហើយក៏នៅមានហានិភ័យខ្ពស់នៅឡើយ៕