(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការជំនុំជម្រះលើសំណុំរឿងលោក សម រង្ស៉ី មេចលនាឧទ្ទាម និងបក្ខពួកមួយចំនួនទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ពាក់ព័ន្ធនឹងករណីញុះញង់កងទ័ព មិនឱ្យស្តាប់បញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ និងបទល្មើសរួមគំនិតក្បត់។

ក្នុងសវនាការខាងមុខនេះមាន លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ, លោក អ៉ឹម វណ្ណៈ និង លោក កើត ស័ង្គ ជាចៅក្រមប្រឹក្សា។ ចំណែកមេធាវីរបស់ ជនជាប់ចោទមាន លោក សំ សុគង់ ផងដែរ។

យោងតាមលិខិតជូនដំណឹងរបស់ លោក សេង ហៀង បានបញ្ជាក់ថា ពាក់ព័ ន្ធនឹងករណីខាងលើនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការម្តងរួចទៅហើយ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយសារតែអវត្តមានមេធាវី ដោយហេតុផលនៃការរីករាលដាលជំងឺកូវីដ១៩ ទើបសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តសវនាការ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះតែម្តង។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីដែលទណ្ឌិតរូបនេះ បានញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ដែលធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។

ការដាក់ពាក្យប្តឹងនេះដែរ គឺធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យកងទ័ពបង្វែកាណុងអាវុធមកលើរាជរដ្ឋាភិបាល ហើយបានបង្គាប់ឲ្យកងទ័ពឈប់គាំទ្ រសម្តេចតេជោ ហ៊ុន សែន តាមរយ:នៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕