(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈនេះបាន និងកំពុងនៅលើជើងហោះពីទីក្រុងហុងកុង ទីកាន់ ទីក្រុង San Francisco សហរដ្ឋអាមេរិក ដើម្បីអញ្ជើញទៅចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបើតាមការបញ្ជាក់របស់មន្ត្រី ដែលរួមដំណើរជាមួយសម្តេច។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា រដ្ឋមន្រ្តី៤រូបនឹងអមដំណើរ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនេះ ក្នុងនោះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះ មានបញ្ហាជាច្រើននឹងត្រូវលើកយកមក ពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូង រវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ៕