(ភ្នំពេញ)៖ មហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ នៃសមាគមគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលបានធ្វើឡើងតាមរយៈការបញ្ជូនរូបភាព និងសំឡេងពីទីក្រុងទុយនីស ប្រទេសទុយនេស៊ី ត្រូវបានបញ្ចប់ នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

រាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានចូលរួមប្រជុំ និងអនុមត័តាមរយៈប្រពន្ធ័បញ្ជូន រូបភាព និងសំឡេងពីទីក្រុងទុយនីស ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

អង្គសន្និបាតបានសំរេចជ្រើសរើស ទីក្រុងប័រដូ ប្រទេសបារាំង ធ្វើជាកន្លែងប្រជុំការិយាល័យអចិន្ត្រៃយ៍នៅខែមីនា និងជ្រើសរើសទីក្រុងគីកាលី ប្រទេសរ៉វាន់ដា ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIMF លើកក្រោយនៅក្នុងខែកក្ដដា ឆ្នាំ២០២១។

កិច្ចប្រជុំដែលទើបបានបញ្ចប់ទៅនេះ បានបែងចែកជា៣ផ្នែកធំៗ គឺសន្និសិទស្តីទីក្រុងកំពុងមានការអភិវឌ្ឍន៍ និងឌីជីថល កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគម AIMF កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគម AIMF ដែលមាន២ផ្នែក។

កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូ នៃសមាគម AIMF ចំនួន១៣០ទីក្រុង ក្រោមការសម្របសម្រួលពីលោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងជាប្រធានសមាគម AIMF ផងដែរ។

របៀបវារៈជាច្រើនត្រូវបានលើកយកមកពិនិត្យពិភាក្សានិងអនុម័ត ក្នុងនោះមានការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក,ការអនុម័តលើកំណត់ហេតុ មហាសន្និបាតរបស់សមាគមលើកទី៣៩ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០១៩។

របាយការណ៍សកម្មភាពឆ្នាំ២០១៩, របាយការណ៏នៃការអនុវត្តថវិកាឆ្នាំ២០១៩ និងសេចក្តីថ្លែងការរបស់លោករតនាគារឹក, ការអនុម័ត លើគណនីឆ្នាំសារពើពន្ធ័ និងរបាយការណ៍ចំណាយឆ្នាំ២០១៩, ការអនុម័តលើ បញ្ជីសមាជិកភាពការិយាល័យអចិន្ត្រៃយ៍សំរាប់ឆ្នាំ២០២១-២០២២, ការទទួលសមាជិកថ្មីក៏ដូចជា ការកំណត់កាលបរិច្ឆេទ, ទីតាំង និងប្រធានបទមហាសន្និបាតសំរាប់ឆ្នាំបន្ទាប់ផងដែរ៕