(ភ្នំពេញ)៖ វីដេអូ «រក្សាគម្លាតសុវត្ថិភាពការពារការឆ្លងជំងឺកូវីដ-១៩» ត្រូវបានផលិតឡើង ក្នុងការរួមចំណែកផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីការរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល សំដៅការពារ និងកាត់បន្ថយការរីករាលដាល នៃជំងឺកូវីដ-១៩។

វីដេអូនេះ មានការចូលរួមពីសំណាក់ តារាចម្រៀង លោក ព្រាប សុវត្ថិ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី លោកវេជ្ជ. សូត្រ ភារម្យ និងលោកវេជ្ជ. លឹម មេសា ដោយបានបង្ហាញពីការរក្សាគម្លាតសុវត្ថិភាពដូចជា ការចៀសវាងការជួបជុំជាក្រុម ផ្លាស់ប្ដូរទម្លាប់នៃការស្វាគមន៍ពីការឱប ការចាប់ដៃ មកជាការលើកដៃគ្រវីដាក់គ្នា សំពះ ងក់ក្បាល ជាដើម ដោយចាំបាច់រក្សាគម្លាតពីគ្នាយ៉ាងតិច១,៥ម៉ែត្រ។

លើសពីនេះ ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩នេះ យើងត្រូវការ «ការរស់នៅធម្មតា តាមបែបគន្លងថ្មី» ដោយផ្លាស់ប្ដូរពីការទៅទស្សនាខ្សែភាពយន្ត ឬលេងហ្គេមជាមួយមិត្តភក្តិ មកជាទស្សនា ឬលេង តាមអ៊ីនធឺណែត ដោយការទាក់ទងគ្នាតាមវីដេអូខលវិញជាដើម។

ការធ្វើចត្តាឡីស័ក ត្រឹមត្រូវដោយខ្លួនឯង ឬការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក គឺជាយុទ្ធសាស្ត្រសំខាន់ ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ និងលើកទឹកចិត្តដល់អ្នកដែលដឹងខ្លួនថា មានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ អោយមានភាពក្លាហាន ក្នុងការទៅធ្វើតេស្តរកជំងឺកូវីដ-១៩៕