(ភ្នំពេញ)៖ ថ្មីៗនេះ មានជនអនាមិកបានបង្កើតគណនី និងក្រុមទំនាក់ទំនងការងារតាមប្រព័ន្ធ Telegram ដោយប្រើប្រាស់រូបថត នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានធ្វើការទំនាក់ទំនងទៅអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ព ជើងទឹក នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ក្នុងគោលបំណងទុច្ចរិតធ្វើឲ្យមានការភ័ន្តច្រឡំ បំផុសបំផុល នាំឲ្យមានចលនាក្នុងជួរកងកម្លាំងប្រដាប់អាវុធ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានអះអាងថា នាយឧត្តមសេនីយ៍
សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពុំធ្លាប់បង្កើតគណនី ឬជាម្ចាស់ ឬជា Admin ក្រុមការងារណាមួយតាមប្រព័ន្ធ Telegram ដើម្បីធ្វើការទំនាក់ទំនងការងារ ឬបញ្ជាដឹកនាំដល់អង្គភាពចំណុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិឡើយ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការច្រានចោលទាំងស្រុងនូវរាល់ព័ត៌មានដែលពាក់ព័ន្ធដល់ការប្រើប្រាស់គណនេយ្យ ដែលមានប្រើរូបថត និងឈ្មោះ នាយឧត្តមសេនីយ៍ នេត សាវឿន តាមប្រព័ន្ធ Telegram ក្នុងការបញ្ជាដឹកនាំ ឬដោះស្រាយ ការងារផ្សេងៗ ពាក់ព័ន្ធដល់យុត្តាធិការនៃកងយោធពលខេមរភូមិន្ទ៕