(កោះកុង)៖ លោក ប៊ុន លើត អភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានដឹងនាំសមាជិកសមាជិកា នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទាំង៤គ្រួសារ ដោយសារអគ្គីភ័យឆាបឆេះ កាលពីវេលាម៉ោង៤៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញ។

ការចុះសំណេះសំណាល និងសួរសុខទុក្ខនាពេលនេះ លោក ប៊ុន លើត បានពាំនាំនូវអំណោយសម្ភារៈមួយចំនួន ដើម្បីសម្រាប់ឲ្យពួកគាត់ បានសម្រួលក្នុងគ្រួសារ បណ្តោះអាសន្នបានសិន។ អំណោយដែលចែកជូន ជនរងគ្រោះទាំង៤គ្រួសារនោះមាន សង្ក័សីចំនួនសរុប៩០សន្លឹក អង្ករ១បាវ តង់១ សម្ភារៈប្រើប្រាស់មួយចំនួន រួមទាំងគ្រឿងបរិភោគមួយចំនួនទៀត។

នៅក្នុងឱកាសសំណេះសំណាលនេះ លោក ប៊ុន លើត បានឲ្យដឹងថា អំណោយទាំងនេះ វាតិចតួចមែនតែវាជួយបងប្អូនបានដោះស្រាយ ក្នុងក្រុមគ្រួសារបានមួយគ្រាដែរ។ ថ្នាក់ដឹកនាំតែងតែយកចិត្តទុក្ខណាស់ជាពិសេស សម្តេចតេជោ និងលោកកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា លោកតែយកចិត្តទុក្ខដាក់ ទៅប្រជាពលរដ្ឋយើងណាស់ ដោយមិនប្រកាន់និន្នាការ នយោបាយបក្សណាមួយឡើយ ឬពូជសាសន ពណ៌សម្បុរឡើយ ឲ្យតែទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋទទួលរងគ្រោះនូវ គ្រោះមហន្តរាយណាមួយសាខាកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាម។

លោកបានបន្តថា លោកនិងការអំពាវរនាវ ដល់សម្បុរសជន ដើម្បីរកជំនួយជូនដល់បងប្អូន នៅថ្ងៃក្រោយទៀត និងបានអំពាវរនាវដល់បងប្អូន ឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះអគ្គីភ័យនេះឲ្យមែនទែន៕