(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោល និងអំពាវនាវកុំឲ្យចាញ់បោកជនល្មើស ដែលបានក្លែងបន្លំឈ្មោះរបស់លោក តាមបណ្តាញសង្គម Telegram ដើម្បីឆាតទៅសុំឯកសារសំខាន់ៗ និងចែកចាយមេរោគនៅក្នុងកុំព្យួរទ័រ។

ការចេញមកច្រានចោលនេះរបស់លោកឧត្តមសេនីយ៍ បានធ្វើឡើងភ្លាមៗ ក្រោយពេលប៉ុន្មានថ្ងៃនេះ មានជនល្មើសបានយកឈ្មោះរបស់លោក ទៅធ្វើការទំនាក់ទំនងជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្នើសុំ និងទាមទារយកឯកសារសំខាន់នៅក្នុងកុំព្យួរទ័ររបស់ខ្លួន ដើម្បីទុកប្រព្រឹត្តបទល្មើសអ្វីមួយ។

នៅក្នុងលិខិតបដិសេធរបស់នាយកដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់យ៉ាងដូច្នេះថា «នាយកដ្ឋានកណ្តាលសន្តិសុខ បានកត់សម្គាល់ឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណ កំពុងក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីទំនាក់ទំនងទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ»

នាយដ្ឋានកណ្តាលសន្តិសុខ បានបញ្ជាក់ទៀតថា «អំពើក្លែងបន្លំខាងលើ ធ្វើឲ្យមានការភ័ន្តច្រឡំជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ដែលធ្វើឡើងដោយជនអនាមិក ក្នុងគោលដៅដើម្បីចែកចាយនូវមេរោគកុំព្យូទ័រ។ អាស្រ័យហេតុនេះ នាយកដ្ឋានកណ្តាលសន្តិសុខ សូមគោរព ជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូមមានការប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាម (Telegram) ឈ្មោះ ឌី វិជ្ជា (Dy Vichea) ខាងលើ ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំនេះ»