(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យបុគ្គលទាំងអស់ដែលនឹងចូលរួមធ្វើតេស្តរកកូវីដ១៩ ជាលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ត្រូវអនុវត្តការរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងលាងដៃនឹងអាល់កុលជាប់ជាប្រចាំ ដើម្បីការពារខ្លួនកុំឱ្យចម្លងកូវីដ១៩ នៅពេលទៅធ្វើតេស្ត។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរៀបចំធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៣ លើអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅទីតាំងចំនួន៧កន្លែង នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ទីតាំងទាំង៧ កន្លែងដែលត្រូវយកសំណាកលើកទី៣នោះ រួមមាន៖

១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក
២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង៨៖០០ព្រឹក
៣៖ រដ្ឋសភា ម៉ោង៩៖០០ព្រឹក
៤៖ ក្រសួងមហាផ្ទៃ ម៉ោង៨៖០០ព្រឹក
៥៖ ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង សម្រាប់ក្រុមភីឡត និងក្រុមអង្គរក្សសម្តេចតេជោ
៧៖ ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ម៉ោង៧៖០០ព្រឹក។

នាពេលកន្លងទៅ ក្នុងការធ្វើតេស្តចំពោះ អ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលទៅនឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ ដោយសារតែអ្នកទៅធ្វើតេស្តមិនបានរក្សាគម្លាតឱ្យបានល្អ ដែលពួកគេបារម្ភខ្លាចមានការចម្លងកូវីដ១៩ នៅក្នុងឱកាសនោះ៕