(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ និងមានប្រជាប្រិយភាពរបស់ផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ នាឱកាសថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ បាន​ចំណាយពេលវេលារបស់​ខ្លួនចូលរួម​បរិច្ចាគឈាម​នៅមន្ទីពេទ្យព្រះ​អង្គឌួង ដែលរៀបចំ​ឡើងដោយមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ប៉ា សុជាតិវង្ស អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ។

ក្រៅពីការចូលរួមផ្តល់ឈាមនាកាសថ្ងៃទី១៤ កុម្ភៈ ទិវានៃក្តីស្រលាញ់នេះ តារាចម្រៀង លោក ឆាយ វីរៈយុទ្ធ  ក៏បានធ្វើការអំពា​វនាវស្នើ​ឲ្យប្រជាពលរដ្ឋ និងយុវជនខ្មែរ ត្រូវចូលរួមបរិច្ចាគ​ឈាម​ទាំងអស់​គ្នា ដើម្បីជាការជួយសង្គ្រោះ​​ដល់ជីវិតមនុស្ស ដែលកំពុងខ្វះនិងត្រូវកា​របញ្ចូលឈាមបន្ថែម។

លោក ឆាយ វីរៈយុទ្ធ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីបានឃើញការអំពាវនាវរបស់មជ្ឈ​ម​ណ្ឌ​ល​ជាតិ​ផ្តល់​ឈាម ដែលធ្វើឡើងតាមរយៈបណ្តាញផ្សព្វផ្សាយនានា ​ក្នុងគោលបំណង​ដើ​ម្បីឲ្យយុវជន​និងពលរដ្ឋខ្មែរ​ទូទៅ ចូលរួមផ្តល់ឈាមនាកាសទិវានៃក្តី​ស្រលាញ់១៤ កុម្ភៈ ដោ​យរៀ​ប​ចំធ្វើឡើងនៅមន្ទីពេទ្យព្រះអង្គឌួងនេះហើយ ទើបបណ្តាលឲ្យលោកសុខចិត្ត​លះបង់ពេលវេលាផ្ទាល់ខ្លួន មកចូលរួមបរិច្ចាគឈាម​ជួយសង្គ្រោះជីវិត​មនុស្ស ដែលកំពុង​ត្រូវការឈាមជាចាំបាច់នោះ។

តារាចម្រៀងប្រុសរូបសង្ហាទទួលបានការគាំទ្រច្រើន ពីសំណាក់មិត្តយុវវ័យគ្រប់ស្រទាប់វណ្ណៈ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់បន្ថែមថា នេះជាលើកទីពីរសម្រាប់ខ្ញុំដែលបានស្ម័គ្រចិត្ត​ក្នុង​ការ​ចូលរួមបរិច្ចាគ​ឈាម​ជួយសង្គ្រោះអាយុជីវិតមនុស្ស ដែលត្រូវការឈាមប្រភេទ (A+) ដូច​ឈា​មរបស់ខ្ញុំនេះដែរ។ ជាមួយគ្នានឹងការថ្លែងដូច្នេះ លោក ឆាយ វីរៈយុទ្ធ ក៏បានបង្ហាញការសប្បា​យ​ចិត្ត និង​ផ្ញើ​ជាសេចក្តី​ស្រ​លាញ់ដល់មិត្តៗយុវវ័យ ​និងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រ​ទេស ​ដែលតែងបន្តចូលរួមនូវការគាំទ្រ។ ជា​ពិសេស​គឺនៅថ្ងៃទី១៤ កុម្ភៈ ដែលជាទីវានៃក្តីស្រលាញ់​នេះលោកបានអំពាវនាវយុវជននិង យុ​វតីខ្មែរ​ទាំងអស់ សូមកុំភ្លើតភ្លើន​ប្រព្រឹ​ត្តទង្វើមិនគប្បីប្រាសចាក​ពីសីលធម៌​សង្គមឲ្យសោះ៕