(ភ្នំពេញ)៖ តំណាងម្ចាស់ភោជនីយដ្ឋាន DIGBY`S ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង បានចេញមុខធ្វើការបដិសេធទៅនឹងព័ត៌មានផ្សាយបំភ្លៃខុសពីការពិតដែរបានអះអាងថា អ្នកពាក់ព័ន្ធព្រឹត្តការណ៏សហគមន៏ ២៨ វិច្ឆិកា ធ្លាប់ទៅចូលញាំ អាហារនៅក្នុងភោជនីយដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា មួយថ្ងៃពីរមុននេះ មានព័ត៌មានមិនផ្លូវការមួយត្រូវបានគេផ្សព្វផ្សាយតៗគ្នានៅតាមប្រព័ន្ធ Telegram, WhatsApp, Facebook និងប្រព័ន្ធ Online ផ្សេងៗទៀត ដោយនៅត្រង់ចំណុចទី៥ នៃព័ត៌មានបានសរសេរថា ភោជនីយដ្ឋាន Digbi ផ្ទះ១៩៧ ផ្លូវត្រសក់ផ្អែម លោក តាំង សេវិនអ័ប ទៅថ្ងៃទី១៩/១១/2020។

ពាក់ព័ន្ធទៅនឹងព័ត៌មានក្រៅផ្លូវការដែលផ្សាយខុសពីការពិតខាងលើនេះ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ក្រសួងសុខាភិបាលក៏បានចេញមុខធ្វើការ ច្រានចោលនូវខ្លឹមសារមួយចំនួនដែលផ្សាយបំភ្លៃពីទីតាំងខ្លះផងដែរ។ ក្នុងនោះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅក្នុងព័ត៌មានដែលគេផ្សាយមានចំនួន៦ចំណុច គឺក្រសួងទទួលស្គាល់ពីចំណុចទី១ដល់ទី៤ គឺត្រឹមត្រូវ ហើយចំណុចទី៥ និងទី៦ នៃព័ត៌មានខាងលើគឺមិនត្រឹមត្រូវនោះទេ ហើយក្រសួងសូមបញ្ឈប់ការផ្សាយនេះ ដើម្បីកុំអោយច្របូកច្របល់។

តំណាងម្ចាស់ភោជនីយដ្ឋាន DIGBY`S សូមជំរាបជូនអតិថិជនរបស់ខ្លួនទាំងអស់សូមកុំមានការយល់ច្រឡំទៅនឹងព័ត៌មានដែលគេផ្សព្វផ្សាយខុសពីការពិតខាង លើនេះអោយសោះ៕