(ភ្នំពេញ)៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ប្រាប់ព័ត៌មាន Fresh News ឱ្យដឹងថា អ្នកនយោបាយគ្រប់និន្នាការទាំងអស់ មិនគួរឆ្លៀតប្រើប្រាស់ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ធ្វើជារបៀបវារៈនយោបាយ ដើម្បីដាក់សម្ពាធតុលាការដែលជាំស្ថាប័នឯករាជ្យ ដោយទាមទារឱ្យដោះលែងអ្នកជាប់ឃុំ ផ្ទុយពីរដ្ឋធម្មនុញ្ញឡើយ។

ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការសិទ្ធិមនុស្ស បានធ្វើឡើងបន្ទាប់ពីមាន សកម្មជននយោបាយ និង សកម្មជនសង្គមមួយចំនួនរួមទាំង លោក រ៉ុង ឈុន ផងដែរ បានយកឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ស្នើ សុំ ឱ្យ រាជរដ្ឋាភិបាល ដោះលែង ពួកគេ ឱ្យ នៅ ក្រៅ ឃុំ ដើម្បី ក្រោមហេតុផលថា បង្ការ កុំ ឱ្យ ឆ្លង ជំងឺ កូវីដ១៩។ ជាមួយគ្នានេះ អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស (Human Rights Watch ) និង អង្គការ ការពារ សិទ្ធិមនុស្ស លី កាដូ បាន ស្នើ រដ្ឋាភិបាល ចាត់វិធានការ ទៅលើ ភាព ចង្អៀត ណែន ក្នុង ពន្ធនាគារ ដោយ ថាដើម្បី ការពារ សិទ្ធិ ទទួល បាន សេវា ថែទាំ សុខុមាលភាព របស់ អ្នកជាប់ឃុំ។

លោក ជិន ម៉ាលីន បានលើកឡើងយ៉ាងដូច្នេះថា៖ «មិនគួរឆ្លៀតប្រើប្រាស់ទិវានេះជារបៀបវារៈនយោបាយ ក្នុងការរិះគន់ និងបន្តុះបង្អាប់រដ្ឋាភិបាលនិងសមត្ថកិច្ច ដោយថ្លែងសារនយោបាយដែលមានចរិតជាការញុះញង់ បំផ្លើស បំភ្លៃខុសពីការពិត និងមានខ្លឹមសារផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជានោះទេ ដូចជាការដាក់សម្ពាធលើតុលាការដែលជាស្ថាប័នឯករាជ្យ ឱ្យធ្វើការដោះលែង ឬទម្លាក់ចោលបទចោទ ចំពោះជនជាប់ចោទដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការជាដើម។ល។»

ពាក់ព័ន្ធនឹងចំណុចនេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានគូសបញ្ជាក់ថា ទង្វើ និងសកម្មភាពក្នុងការការពារដោយបំពានច្បាប់ ចំពោះជនដែលបានប្រព្រឹត្តល្មើសទៅនឹងច្បាប់បែបនេះ មិនមែនជាកិច្ចគាំពារ និងលើកស្ទួយសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញវាបាននឹងកំពុងលើកទឹកចិត្តមនុស្សឱ្យកាន់តែធ្វើសកម្មភាពបំពានច្បាប់ ដោយមិនមានការញញើត ខ្លាចរអា និងរៀងចាល ហើយដែលនេះអាចបង្កជាហានិភ័យធ្ងន់ធ្ងដល់សង្គម។

ដើម្បីអបអរសាទរខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ, លោក ជិន ម៉ាលីន បានផ្តាំផ្ញើទៅអ្នកនយោបាយទាំងអស់ គួរថ្លែងសារ និងធ្វើសកម្មភាពដែលជាប្រយោជន៍ដល់សង្គម ជាពិសេសសារដែលមានន័យជាការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិ និងច្បាប់ និងការអនុវត្តសិទ្ធិសេរីភាពត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងការអនុវត្តសិទ្ធិដោយបំពាន ប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដែលអាចនាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់ជាយថាហេតុណាមួយ៕