(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា នៅម៉ោង៤៖១០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែកុម្ភៈនេះ មានគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹក​បន្លែមួយ​គ្រឿង ស្ថិតតាមបណ្តាលផ្លូជាតិលេខ៦ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតក្នុងភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បង្កឲ្យស្ត្រីជាម្តាយ រួមដំណើរជាមួយកូនប្រុស ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដែលក្រឡាប់រថយន្តដោយខ្លួនឯងនេះ ជាប្រភេទរថយន្ត TOYOTA TACOMA ពណ៌សបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N.3645 បើកបរពីទិសខាង​លិច​ទៅកើត អ្នកបើកបររថយន្តឈ្មោះ ធុល ធឿន ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិដណ្តៀវ ឃុំចាន់ស ស្រុកប្រាសាទបាគង ខេត្តសៀមរាប រងរបួសស្រាល ខណៈអ្នករួមដំណើរជាម្តាយបង្កើត ឈ្មោះផាត់ ផៃ អាយុ៥១ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់នេះ សមត្ថកិច្ចបញ្ជាក់ថា ដោយសារអ្នកបើកបរងងុយដេកបើកជ្រុលចង្កូតធ្លាក់ថ្នល់៕