(សៀមរាប)៖ ដោយភាពអណោចអាធ័មចំពោះឃាតកម្ម ដ៏ឃោរឃៅព្រៃផ្សៃទៅលើនារីម្នាក់ នៅខេត្តសៀមរាប ដោយសម្លាប់ ហើយកាត់ក្បាលយកទៅដុតចោលថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមបុណ្យសពប្រមាណប្រមាណ ១.០០០ដុល្លារ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារផងដែរ។ ដោយឡែក អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ឧកញ៉ា សៀង ណាំ ក៏បានចូលរួមបុណ្យសព ៦០០ដុល្លារ ព្រមទាំងចេញថ្លៃទិញក្តាម្ឈូស និងបច្ច័យប្រគេនព្រះសង្ឃផងដែរ។

ថវិកាចូលរួមបុណ្យសព ត្រូវបានឧកញ៉ា សៀង ណាំ យកទៅចូលបុណ្យដល់លំនៅឋាន របស់នារីរងគ្រោះ ស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប នៅជិតវត្តខ្នាត និងផ្សារពួក ចម្ងាយប្រមាណ ២០០ម៉ែត្រពីផ្លូវជាតិលេខ៦ នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនារីម្នាក់ ត្រូវបានឃាតកធ្វើឃាតកម្មយ៉ាងសាហាវព្រៃផ្សៃ ដោយបានល្បួងនារីរងគ្រោះ ចូលផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងសៀមរាប ហើយសម្លាប់ និង កាត់ក្បាលយកទៅបាត់។ ក្រោយពីបានទទួលព័ត៌មាន ដ៏សែនរន្ធត់នេះ កម្លាំងសមត្ថកិច្ចបានប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាឃាតកបានហើយ នៅល្ងាចថ្ងៃដដែលនេះ។

នារីរងគ្រោះមានឈ្មោះ ឡេន សិលា អាយុ២៤ឆ្នាំ បម្រើការនៅភូមិវប្បធម៌ មានទីលំនៅក្នុងភូមិបឹងខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ជនសង្ស័យមានឈ្មោះ ចាន់ ឆាយយ៉ា ហៅ សំ ភារ៉ាត់ អាយុ៤០ ស្រុកកំណើត នៅខេត្តបាត់ដំបង។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាព Fresh News ថា ឃាតកម្ម បានផ្តើមចេញពីរឿងបុរសជាឃាតក ចូលស្តីដណ្តឹងនារីរងគ្រោះមិនបាន ហើយខឹង ក៏រៀបគម្រោងសម្លាប់រូបនាងចោលតែម្តង។

លោក អ៊ូ សុផល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ Fresh News ឲ្យដឹងផងដែរថា ជនសង្ស័យមានប្រពន្ធ និងកូន៣-៤នាក់ទៅហើយ។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន គេកំពុងមានបញ្ហាជាមួយប្រពន្ធដើម និង កំពុងលែងលះគ្នាផងដែរ តែមិនទាន់ដាច់ស្រេចនៅឡើយ។

បើតាមលោកអភិបាលខេត្តសៀមរាប ឃាតកធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ មានគ្នាពីរនាក់ ចាប់ខ្លួនបានទាំងអស់ហើយ។ មកដល់យប់នេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋានរង់ចាំការសួរបន្ថែម នៅថ្ងៃស្អែក មុននឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការវិនិច្ឆ័យទោស៕