(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវមានកិច្ចសហការល្អ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ តាមការណែនាំរបស់ ក្រសួងសុខាភិបាល។

ការអំពាវនាវរបស់លោក ម៉ៅ ធនិន ធ្វើឡើងនៅវេទិកាក្នុងសាលាខេត្ត នាឱកាសជួបសំណេះសំណាល និងទទួលដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋជុំវិញខេត្ត ដោយជាក់ស្តែងថ្ងៃទី០៩ ខែធ្នូនេះ បានដោះស្រាយបានចំនួន១១ករណីផ្សេងគ្នា រួមមានករណីទំនាស់ដីធ្លី, ករណីជំពាក់ប្រាក់, ករណីទំនាស់ចែកទ្រព្យ, ករណីទំនាស់របងដី និងករណីសុំដឹកឈើធ្វើផ្ទះ។ កិច្ចសម្របសម្រួលដោះស្រាយខាងលើនេះ បានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត, លោកស្រីអភិបាលរងខេត្ត, លោកប្រធានការិយាល័យ, ប្រជាពលរដ្ឋ, អាជ្ញាធរស្រុក/ក្រុង ឃុំ/សង្កាត់, ក្រុមលេខាកត់ត្រា និងភាគីពាក់ព័ន្ធផ្សេងទៀត។

លោក ម៉ៅ ធនិន បានបន្ថែមទៀតថា នេះគឺជាទម្លាប់ដែលលោកតែងតែជួបជាមួយពុកម៉ែប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជាមួយសុខទុក្ខដោយផ្ទាល់ តាមរយៈវេទិកា ដោះស្រាយនាពេលនេះ។ ដោយសារតែស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរនោះ លោកបាន សម្រេចជ្រើសរើសសំណុំរឿងណាដែលចាំបាច់បំផុត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ធ្វើការសម្របសម្រួល និងដោះស្រាយមុនគេជូនពុកម៉ែប្រជាពលរដ្ឋ ដែលកិច្ចការនេះ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្ត បានបន្តថា យន្តការដែលកំពុងតែដើរនេះគឺជាយន្តការវេទិកាសាធារណៈ ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឱ្យថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន ផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ទៅលើបញ្ហាប្រឈម និងតម្រូវការក្នុងជីវភាព រស់នៅជាក់ស្តែង។ លោកថា ពីមុនដោះស្រាយ២ដង ក្នុងមួយសប្តាហ៍ ក៏ប៉ុន្តែឥឡូវនេះដោះស្រាយ២សប្តាហ៍ មួយ១ដង ដោយសារតែជម្លោះក៏ដូចជាបញ្ហា ប្រឈម កាន់តែថយចុះ។

លោក ម៉ៅ ធនិន បានឱ្យដឹងទៀតថា ជានិច្ចជាកាលលោកតែងតែប្រើប្រាស់ឋានានុក្រម២ គឺទី១៖ ក្នុងនាមជាអភិបាលខេត្ត សម្រាប់សម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជូនពុកម៉ែប្រជាពលរដ្ឋទៅលើផ្លូវច្បាប់ និងទី២៖ ក្នុងឋានៈជាគ្រួសារ មានតួនាទីជាបង ជាប្អូន ជាកូន ជាក្មួយ និងជាចៅមួយ ក្នុងគ្រួសារប្រជាពលរដ្ឋ ជាង៥០ម៉ឺននាក់ទូទាំងខេត្ត ដើម្បីចូលរួមសុខរួមទុក្ខជាមួយពួកគាត់គ្រប់ពេលវេលា។

តាមរយៈវេទិកាសម្របសម្រួល និងដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលលោក ម៉ៅ ធនិន បានមកដឹកនាំយន្តការខេត្តពោធិ៍សាត់ រយៈពេលជាង៦ឆ្នាំងកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការសាទរចំពោះដំណោះស្រាយដ៏មានប្រសិទ្ធភាព៕