(បន្ទាយមានជ័យ)៖ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យតំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសពប្អូនស្រី យ៉ាត ស្រីណុច អាយុ២០ឆ្នាំ បានទទួលមរណៈភាពដោយរោគាពាធ ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសនោះលោក លី សារី បាន ពាំនាំការសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយចំពោះគ្រួសារសពរបស់ប្អូនស្រីពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ឧប្បទ្ទវហេតុផ្សេងមិនថាទីជិតក្តី ឫឆ្ងាយក្តី។

លោកបានបន្តថា ក្រោយពីទទួលបានព័ត៌មាន លោកក៏បានចុះសួរសុកទុក្ខភ្លាម ដើម្បីនាំយកនូវថវិកាមួយចំនួន ក្នុងការចូលរួមចំណែករំលែកទុក្ខជាមួយក្រុមគ្រួសារសពប្អូនស្រី និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះគ្រួសារ ដែលបានបាត់បង់កូនចៅជាទីស្រលាញ់ផងនោះ។ ជាពិសេសអំណោយដែលបានយកមកផ្តល់ជូន នាពេលនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយជីវភាពបានមួយផ្នែកផងដែរ។

លោក លី សារី សូមឲ្យដួងវិញ្ញាណក្ខន្ធសពរបស់ប្អូនស្រី យ៉ាត ស្រីណុច ឱ្យបានទៅកាន់ឋានបរមសុខ នៅក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

ក្រុមគ្រួសានៃសព ក៏បានលើកម្រាមដៃដប់ សំពះថ្លែងអំណរអគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ ពីសុខទុក្ខ ចំពោះពលរដ្ឋក្រីក្រដែលបានផ្តល់អំណោយតាមរយៈលោក លី សារី និងអគុណចំពោះនាយប៉ុស្តិ៍ នារងប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ច្រទ្វាអន្តរជាតិប៉ោយប៉ែត ដែលមានសទ្ធាប្រមូលបច្ច័យចូលរួមរំលែកទុកគ្រួសាសពផងដែរ។

តាមសេចក្តីរាយការណ៍ពីលោក សុធី ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា គ្រួសារនេះពិតជាក្រីក្រណាស់ ហើយអ្វីដែលរឹតតែកំសត់ទៀតនោះ គឺកូនស្រីស្លាប់ តែឪពុកមានលុយត្រឹម ៣ម៉ឺនរៀល សម្រាប់ធ្វើបុណ្យតែប៉ុណ្ណោះ។ បើសប្បុរសជនណាចង់ចូលរួមបរិច្ចាគនោះអាចទាក់ទងលេខទូរស័ព្ទ 093 737 838 និងលេខ 097 754 2222៕