(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ជួបជាមួយឧត្តមសេនីយ៍ទោ ព្រំ រឿន និងឧត្តមសេនីយ៍ទោ ទឹម ទុំ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក ដើម្បីពិភាក្សាគ្នាដោះស្រាយ អំពីសកម្មភាពដោះមីនរបស់ភាគីថៃ ចន្លោះបង្គោលសីមា លេខ ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ឲ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីន ចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះ នឹងធ្វើការរុះរើដោយខ្លួនឯង ហើយរាល់សកម្មភាពផ្សេងៗ តាមបណ្តោយព្រំដែន សូមភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក។

ក្រោយពិភាក្សាគ្នាចប់ ក្រុមការងារបានចុះត្រួតពិនិត្យ គោលដៅថៃដោះមីនជាក់ស្តែង នៅចំណុចភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕