(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអង្គប្រជុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រទេសសមាជិកអេកម៉ិច ( ACMECS) ទាំងអស់គាំទ្រដល់ការបង្កើតលេខាធិការដ្ឋានអេកម៉ិក ខណៈពេល១៧ឆ្នាំមកហើយ ដែលអេកម៉ិក មិនទាន់មានលេខាធិការដ្ឋាននៅឡើយទេ ចាប់តាំងពីថ្ងៃបង្កើតមក ក្នុងឆ្នាំ២០០៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការអំពាវនាវរបស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ ដែលបានធ្វើឡើង នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន គឺជាប្រធានដឹកនាំកិច្ចប្រជុំកំពូលមួយនេះ។

ACMECS គឺជាអង្គការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក្នុងចំណោមប្រទេសក្នុងអនុតំបន់ទាំង៥ រួមមាន ថៃ ឡាវ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា។ ACMECS ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងជាលើកដំបូងដោយ លោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពី SARS ដែលប្រារព្ធធ្វើនៅទីក្រុងបាងកក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៣។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ៖ «នាឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈថា ប្រទេសអេកម៉ិក ត្រូវបន្តធ្វើការដោយបុរេសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ទស្សនៈ វ៉ាក់សំាងពហុភាគីនិយម (Vaccine Multilateralism) ដើម្បីធានាការទទួលបាននូវវ៉ាក់សំាងជំងឺកូវីដ-១៩ ប្រកបដោយសមធម៌ និងសុវត្ថិភាព។ លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យប្រទេសសមាជិកចូលរួមជាមួយកម្ពុជានិងថៃ ដើម្បីផ្តល់វិភាគទានដោយស្ម័គ្រចិត្តទៅក្នុងមូលនិធិអភិវឌ្ឍន៍អេកម៉ិក ដែលកម្ពុជាក៏បានសន្យាផ្តល់វិភាគទានចំនួន ៧លានដុល្លារអាមេរិក សំដៅធានានូវភាពរលូននៃការអនុវត្តគម្រោងអាទិភាពនានា»

«ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវ ដល់ប្រទេសសមាជិកគាំទ្រការបង្កើតលេខាធិការដ្ឋានអេកម៉ិក ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃសេដ្ឋកិច្ចឌីជីថល ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនសក្តានុពលទីផ្សារ ដែលគ្មានដែនកំណត់ សម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិត ដោយពុំចាំបាច់ធ្វើដំណើរ ឬបន្លាស់ទីនោះទេ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។

ក្រសួងការបរទេស បានបន្ថែមថា ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» ថ្នាក់ដឹកនាំអេកម៉ិក បានអះអាង សាជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីទាញយកឱ្យបានពេញលេញនូវសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើមរបស់អនុតំបន់ ព្រមទាំងរៀបចំផែនការសកម្មភាព ដើម្បីសម្រេចបាននូវសហគមន៍អេកម៉ិកដែលកាន់តែតភ្ជាប់ វៃឆ្លាត មានចីរភាព និងរឹងមាំ ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងមិត្តភាពប្រពៃណី ក្នុងការសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។

ថ្នាក់ដឹកនាំអេកម៉ិក បានកោតសសើរកម្ពុជាដែលជាប្រធានសម្រាប់រយៈពេលពីរឆ្នាំ ក្នុងការជំរុញនូវគោលដៅរួមរបស់ប្រទេសសមាជិកដើម្បីសម្រចបាននូវវិបុលភាព និងសុខុមាលភាពរបស់ប្រជាជន ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាសន្តិសុខមិនមែនប្រពៃណីនានា មកលើជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងអនុតំបន់៕