(ឧត្តរមានជ័យ)៖ ក្រោយបញ្ចប់ពិធីផ្សព្វផ្សាយលទ្ធផល នៃអង្គសន្និបាតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ លោក ស ថាវី បានដឹកនាំក្រុមការងារ​ចុះពិនិត្យទីតាំងស្តុកសំរាម នៅផ្សារអន្លវែង និង ពិនិត្យស្ថានភាពលក់ដូររបស់អាជីវករ និងសំណេះសំណាលដោយភាពស្និទ្ធស្នាល។ ការចុះទៅកាន់ផ្សារអន្លង់វែងរបស់លោកអភិបាលខេត្ត ធ្វើឡើងដើម្បី​តាមការស្នើសុំរបស់អាជីវករ ដែលចង់ឲ្យមានការដោះស្រាយបញ្ហាអនាម័យ និងសំរាមនៅជុំវិញផ្សារ។

ផ្អែកតាមការបញ្ជាក់របស់ម្ចាស់ផ្សារអន្លង់វែង បានឲ្យដឹងថា បញ្ហាសំរាម គឺខាងផ្សារបានប្រគល់ឲ្យអ្នកម៉ៅការធ្វើការសំអាត និង ប្រ មូលសំរាមឲ្យអស់ពីផ្សារជារៀងរាល់ថ្ងៃ មិនមែនម្ចាស់ផ្សារ​មិនយកចិត្ត​ទុកដាក់នោះទេ តែអ្នកម៉ៅការពេលខ្លះមិនបានយកអស់ទេធ្វើឲ្យក្រុមអាជីវករមានការរិះគន់ដោយសារតែជះក្លិន និង ប៉ើងសំរាមចូលផ្ទះ និងតូបលក់ដូររបស់គាត់ទៀតផង។

ក្នុងឱកាសនោះ លោក ស ថាវី ក៏បានធ្វើការណែនាំឲ្យអ្នកម៉ៅការសំរាមត្រូវធ្វើរបងឲ្យជិត ដើម្បីចាក់សំរាម មិនមែនឲ្យគេយកសំរាម ចាក់ពាសវាលពាសកាលនោះទេ។ លោក ស ថាវី ប្រាប់ម្ចាស់ផ្សារឲ្យ​ដឹក​សំរាមចេញឲ្យអស់ជារៀងរាល់ថ្ងៃ ហើយម្យាងទៀត ត្រូវរកធុងសំរាមឲ្យបានធំយកមកដាក់ក្រោយតូបលក់ដូររបស់អាជីវករងាយស្រួលក្នុងការយកសំរាមចាក់ចោល។

ក្នុងឱកាសនោះ លោក ស ថាវី ក៏បានណែនាំឲ្យម្ចាស់ផ្សារ និងមន្ទីរបរិស្ថានខេត្ត ដោះស្រាយបញ្ហាសំរាម ឲ្យបានលឿន ហើយមិនមែនធ្វើតែផ្សារមួយនេះទេ គឺមន្ទីរបរិស្ថានត្រូវមើលគ្រប់ផ្សារ​ទាំងអស់ក្នុងខេត្ត។

ជាការឆ្លើយតបអ្នកម៉ៅការសំរាម បានសន្យា និង ប្រមូលសំរាមឲ្យអស់ជារៀងរាល់ថ្ងៃចេញពីផ្សារអន្លង់វែង អាជីវករនៅផ្សារអន្លង់វែងបានសំដែងការអរគុណ ចំពោះលោកសថាវី​ដែលបានយកចិត្តទុក​ដាក់គិតគូរ ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសអាជីវករនៅផ្សារ​អន្លង់វែងទាក់ទងរឿងក្លិនសំរាមនេះ៕