(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជា បាននាំយកនូវដំណឹងដ៏រីករាយបំផុតមួយ ទៅជម្រាបជូនប្រជាពលរដ្ឋថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកុំម្មង់ទិញវ៉ាក់សាំងការពារមេរោកកូវីដ-១៩ ជាជំហានដំបូងចំនួន១លានដូស សម្រាប់យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះ ពិតជាមហាសំណាងបំផុតរបស់កម្ពុជា យើងមានមេដឹកនាំ ប្រទេសដ៏វៀងវៃ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងនៅជាប់ជាមួយប្រជាពលរដ្ឋមិនថាប្រទេសជាតិ ស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។

លោកអភិបាលខណ្ឌ បានលើកឡើងថា ស្របពេលដែលកម្ពុជា កំពុងប្រឈម នឹងការរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍ សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែបានគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវវិធានការយ៉ាងម៉ឹងម៉ាត់ និងគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន១លានដូស។

លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌចំការមន បានលើកឡើងដូច្នេះ នៅក្នុងពេលអញ្ជើញ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់ទួលទំពូង១ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងបរិវេណសាលារៀនវត្តទួលទំពូង។

បើទោះជាមានការបញ្ជាទិញវ៉ាក់សាំងពីសំណាក់រាជរដ្ឋាភិបាលយ៉ាងនេះក្តី លោក ថេង សុថុល បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ព្រោះថាជំងឺដ៏កាចសាហាវនេះ បាននិងកំពុងរាតត្បាតយ៉ាងសកម្មនៅក្នុងសហគមន៍របស់យើង ជាពិសេសក្នុងរាជធានីភ្នំពេញនៅឡើយ ទាមទាឲ្យយើងគ្រប់គ្នាការពារខ្លួនជាប់ជានិច្ច តាមរយៈអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺ ពាក់ម៉ាស លាងដៃនិងសាប៊ូ អាល់កុល ឬជេល និងរក្សាគម្លាតសង្គមផងដែរ។

គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅទីនោះរួមមាន៖ ក្នុង១គ្រួសារទទួលបាន អង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ស្កសរ សាប៊ូ ម៉ាស អាកុល ទឹកដោះគោ មី និងថវិកាមួយចំនួនទៀតផងដែរ៕