(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញថ្លែងសន្ទរកថា គន្លឹះបើកសិក្ខាសាលា ស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល របស់សហគ្រាសធនតូចបំផុត តូច និងមធ្យមនៅកម្ពុជា និងឡាវ» ដែលសហការរៀបចំ ដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UNESCAP) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ។

សិក្ខាសាលានេះ ក្នុងគោលបំណងបង្កើនការយល់ដឹង ទៅលើស្ថានភាពបច្ចុប្បន្ន បញ្ហាប្រឈម និងកាលានុវត្តភាព នៃការប្រើប្រាស់ប្រព័ន្ធឌីជីថល របស់សហគ្រាស ធនតូចបំផុត តូច និងមធ្យមនៅកម្ពុជា និងឡាវ ដែលរួមបញ្ចូលទាំងកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល និងការផ្ទេរប្រាក់ពីក្រៅប្រទេស ព្រមទាំងផ្តល់ជាវេទិកា សម្រាប់ការពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងវិស័យឯកជន-រដ្ឋ និងភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិ ជាពិសេសអ្នកតាក់តែង គោលនយោបាយក្នុងតំបន់។

សិក្ខាសាលានេះ មានសមាសភាពអ្នកចូលរួម ពីមន្ត្រីរាជការ តំណាងសហគ្រាសធនតូចបំផុត តូច និងមធ្យមនៅកម្ពុជា អ្នកផ្តល់សេវាកម្មឌីជីថល អ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ អង្គការអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងអភិវឌ្ឍន៍សហគ្រាសធនតូចបំផុត តូច និងមធ្យម។

ទាក់ទងនឹងប្រធានបទសិក្ខាសាលានេះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា បទពិសោធន៍ទូទាំងពិភពលោកបានបង្ហាញថា វិបត្តិកូវីដ១៩ បានផ្លាស់ប្តូររបៀបរបប របស់យើង ក្នុងការទំនាក់ទំនង ការបំពេញកិច្ចការងារ និងការរស់នៅប្រចាំថ្ងៃ ហើយនៅក្នុងវិស័យឧស្សាហកម្ម សហគ្រាសនានាក៏កំពុងប្រឈម នឹងបញ្ហានៃការផ្គត់ផ្គង់ និងតម្រូវការ និងអនាគតពិភពលោកដែលមិនមានភាពច្បាស់លាស់ផងដែរ ក៏ប៉ុន្តេ យើងក៏សង្កេតឃើញផងដែរថា បច្ចេកវិទ្យាឌីជីថល បានដើរតួរយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទាំងនេះ។

ទេសរដ្ឋមន្ត្រី បានលើកឡើងថា «វិបត្តិ» អាចជាគ្រោះថ្នាក់ ប៉ុន្តែវាក៏អាចជា «ឱកាស» ផងដែរ ដូច្នេះ យើងចាំបាច់ត្រូវតែមានសុទិដ្ឋិនិយម ហើយចាត់ទុកថា វិបត្តិកូវីដ១៩នេះ ជាឱកាសក្នុងការវិវឌ្ឍរបៀបរបបនៃការបំពេញកិច្ចការងារ និងការប្រកបអាជីវកម្មនានា។

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការផ្លាស់ប្តូរជាវិជ្ជមានមួយចំនួន តាមរយៈការធ្វើឌីជីថលនីយកម្ម ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ដែលមានដូចជា៖

* ទី១៖ ជំរុញឲ្យមាននិន្នាការឌីជីថលនីយកម្មមួយចំនួន ដែលបានផ្តល់ជាកាលានុវត្តភាពសម្រាប់សហគ្រាសធនតូចបំផុត តូច និងមធ្យមក្នុងការបន្តរស់រានមានជីវិត និងទទួលបានជោគជ័យ
* ទី២៖ ការទូទាត់និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថល បានផ្តល់ជាកាលានុវត្តភាពដល់យើង ក្នុងការបន្ធូរបន្ថយផលប៉ះពាល់ ដោយយើងមិនចាំបាច់ ទៅធ្វើប្រតិបត្តិការដោយផ្ទាល់ និងជួយសន្សំពេលវេលានិងថវិកា
* ទី៣៖ ការរីកលូតលាស់នៃពាណិជ្ជកម្មអេឡិចត្រូនិច ដែលអាចឲ្យសហគ្រាស នៅតែបន្តប្រតិបត្តិការរបស់ខ្លួនក្នុងអំឡុងពេល នៃការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល និងការបន្ធូរបន្ថយផលប៉ះពាល់ នៃជំងឺកូវីដ១៩ ព្រមទាំងការប្រើប្រាស់ដំណោះស្រាយឌីជីថល នៅក្នុង «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩»។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ក្នុងការទប់ស្កាត់ការឆ្លងក្នុងប្រទេស និងការនាំចូល ជំងឺពីក្រៅប្រទេស តាមរយៈការដាក់ចេញនូវវវិធានការម៉ត់ចត់និងតឹងរ៉ឹង ហើយបានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការទាំងសេដ្ឋកិច្ច និងសង្គម ដើម្បីជួយរក្សាលំនឹង អាជីវកម្ម ទ្រទ្រង់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជាទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជន ដោយឈរលើគោលការណ៍ «ជួយធ្វើអន្តរាគមន៍លើវិស័យ និងប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត»។

នៅក្នុងនោះផងដែរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩» ដែលជាកម្មវិធីជំនួយ សង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះ ទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។

ការដាក់ចេញនូវកម្មវិធីនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការអនុវត្តកម្មវិធីនេះ ដោយផ្តល់ប្រាក់ទៅកាន់ប្រជាពលរដ្ឋ ដែលទទួលផលតាមរយៈធនាគារឯកទេស វីងដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។

លោកថា វាជាលើកដំបូងដែលយើងអាចផ្តល់ប្រាក់ ទៅដល់ពលរដ្ឋដែលទទួលផលយ៉ាងច្រើន ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយកត្តាមួយនៃភាពជោគជ័យ ក្នុងការអនុវត្តកម្មវិធីនេះ ក៏ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានចាប់យកការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើតួនាទី នៃកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍដែលជំរុញ ឲ្យមានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់ ជាពិសេសតាមរយៈការចូលរួម យ៉ាងសកម្មពីវិស័យឯកជន និងជំនួយអភិវឌ្ឍជាផ្លូវការដ៏ច្រើនពីដៃគូអភិវឌ្ឍន៍នានា ស្ថាប័នអន្តរជាតិ និងជាពិសេស អង្គការសហប្រជាជាតិ រួមទាំង UNESCAP ផងដែរ៕