(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer នៅថ្ងៃអង្គារសប្ដាហ៍នេះ កាន់តែខិតជិតទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19ហើយ បន្ទាប់ទីភ្នាក់ងារ ចំណីអាហារ និងឱសថអាមេរិក (FDA) បានទទួលស្គាល់ទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថអាមេរិកមួយនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហ៊ុន Pfizer កាលពីខែវិច្ឆិកាកន្លងទៅ បានឱ្យដឹងថាវ៉ាក់សាំង COVID-19 របស់ខ្លួនដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មានប្រសិទ្ធភាពការពារ មនុស្សពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះរហូតដល់ទៅ៩៥ភាគរយ ដោយមិនមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពឡើយ ហើយបានស្នើសុំការអនុញ្ញាតប្រើប្រាស់ បន្ទាន់នៅក្នុងសហរដ្ឋអាមេរិក។

នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ បុគ្គលិក FDA ក៏បាននិយាយដែរថាទិន្នន័យប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech បានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌ ដើម្បីទទួលបានការការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំង COVID-19។

គួរបញ្ជាក់ថា ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នឹងបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាគ្នាលើការ អនុម័តជាចុងក្រោយ ស្ដីពីការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ស្របពេល ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារម្សលមិញ បានចាប់ផ្ដើមការចាក់វ៉ាក់សាំងអភិវឌ្ឍដោយក្រុមហ៊ុន Pfizer-BioNTech ជូនប្រជាជនខ្លួនជាផ្លូវការហើយ៕