(ភ្នំពេញ)៖ រហូតដល់ពេលនេះ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ចំពោះរឿងចែកទ្រព្យសម្បត្តិរវាង លោក ញឹក ប៊ុនឆៃ និង សម្តេចក្រុមព្រះ ក្រោយពេលអ្នកទាំងពីរបែកបាក់គ្នាម្តងទៀតនោះ ក្រសួងមហាផ្ទៃ មិនអាចកាត់ក្តីចំពោះរឿងនេះបានទេ។ លោកជំរុញឱ្យមេដឹកនាំទាំងពីរនេះ ដោះស្រាយតាមប្រព័ន្ធតុលាការវិញ។

លោក ខៀវ សុភ័គ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា «មានតែតុលាការទេ ទើបអាចសម្រេចកិច្ចការនេះបាន រឿងកាត់ឱ្យបានកេរអាករទៅណាមកណា មានតែតុលាការទេ មិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនោះទេ»។

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានសរសេរលិខិតមួយផ្ញើជូន សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីចេញវិធានការរក្សាការពារដល់ទ្រព្យសម្បត្តិ និងអចលនទ្រព្យនានា របស់គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីលោក ញឹក ប៊ុនឆៃ បានបំបែកខ្លួនចេញពីគណបក្សនេះ ទៅបង្កើតគណបក្សខ្មែររួបរួមជាតិ ជាមួយនឹងសមាជិកចាស់ៗរបស់លោក មួយចំនួន។

ជុំវិញករណីនេះ អង្គភាព Fresh News មិនអាចទំនាក់ទំនងសុំការបកស្រាយពី លោក សាយ ហាក់ អគ្គលេខាធិការគណបក្ស ហ៊្វុនស៊ិនប៉ិចនៅឡើយទេ ដោយលោកអះអាងថា ជាប់ប្រជុំ។

កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ ប្រធានស្ថាបនិកគណបក្ស ខ្មែររួបរួមជាតិ បានព្រមានប្តឹងទៅតុលាការ ដើម្បីទាមទារយកទីស្នាក់ការ នៅតាមបណ្តាខេត្តមួយចំនួន របស់គណបក្សហ៊្វុនស៊ិនប៉ិច។

លោកបានបញ្ជាក់ នៅក្នុងសន្និសីទកាសែតមួយនៅផ្ទះ របស់លោកថា ទីស្នាក់ការបក្ស ហ៊្វុនស៊ិនប៉ិច មួយចំនួនមិនមែនជារបស់បក្សនោះទេ គឺរបស់សកម្មជនជាអ្នកសាងសង់ ឥឡូវសកម្មជនទាំងនោះ បានចាកចេញហើយ ដូច្នេះពួកគេក៏ត្រូវយកទីស្នាក់ការមកវិញផងដែរ៕