(កណ្ដាល)​៖​ មន្រ្តីតុលាការខេត្តកណ្តាលបានថ្លែងឲ្យដឹងថា មន្ត្រី​យោធា​បម្រើ​ការងារនៅ តំបន់ប្រតិបត្ដិការសឹករងខេត្ដកំពង់ស្ពឺ មានតួនាទីជា ជំនួយការការិយាល័យឋានន្ដរស័ក្ដិអនុសេនីយ៍​ទោ​ និង​បក្ខពួក​ពីរនាក់​ ត្រូវ​បាន​លោក​ អ៉ី ម៉ាណូកា​ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅ​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​ ពាក់ព័ន្ធ​ករណី​ប្លន់​ម្តាយ​កូន​ពីរ​នាក់​ នៅ​ស្រុក​ពញាឮ​ យក​អស់​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​។

មន្ត្រី​តុលាការ​បានថ្លែងឲ្យដឹង​ថា​ ក្រុម​ជនសង្ស័យ​ទាំង​បី​នាក់​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ លួច​មាន​ស្ថានទម្ងន់​ទោស ​ដោយ​សារ​ការ​ប្រព្រឹត្ត​ហិង្សា​ ​តាម​មាត្រា​ ៣៥៣​ និង​ មាត្រា​៣៥៧​ នៃក្រម​ព្រហ្មទណ្ឌ​ ។ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស ​ពី​៣ឆ្នាំ​ទៅ​១០ឆ្នាំ​។

ពាក់ព័ន្ធ​ករណី​នេះ​ សមត្ថកិច្ចបាន​ឲ្យដឹងថា​ ក្រុមចោរ៣នាក់ ដែលត្រូវបានចាប់ខ្លួន៖

ទី១៖ ឈ្មោះ ទ្រី សុ ឃីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាព្រូឡាន ត្រូវ​បានឃាត់ខ្លួន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦

ទី២៖ ឈ្មោះ សេង ដា​ អាយុ ២៣ ឆ្នាំ មុខរបរជាកម្មករសំណង់ និងជាជាងពិតាន ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១០ ខែកុម្ភៈ

ទី៣៖ ឈ្មោះ មាន វាសនា ហៅ ជៀស អាយុ២៦ឆ្នាំ មុខរបរជាមន្ដ្រីយោធា​បម្រើ​ការងារ នៅតំបន់ប្រតិបត្ដិការសឹករង ខេត្ដកំពង់ស្ពឺ មានតួនាទី ជា ជំនួយការ ការិយាល័យមានឋានន្ដរស័ក្ដិ អនុសេនីយ៍​ទោ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

នៅក្នុងការបង្ក្រាប និងឃាត់ខ្លួនក្រុមចោរទាំង៣នាក់ នេះ សមត្ថកិច្ច​ ដកហូតបានកាំភ្លើងខ្លី២ដើម កាំភ្លើង អាការបត់១ដើម គ្រាប់កាំភ្លើងជាច្រើនគ្រាប់ និងវត្ថុតាងជាច្រើនទៀត ដែលជារបស់ ក្រុមចោរ និងជារបស់ជនរងគ្រោះដែលប្លន់បាន។

សូមបញ្ជាក់ថា កាលពីក្បាលព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្រុមចោរប្លន់មួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី០១ដើម និងវែង០១ដើម ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់មួក ពាក់ម៉ាស់មុខ បាននាំគ្នាចូលតូបលក់ចាប់ហួយ និងធ្វើសកម្មភាពភ្ជង់ គំរាមជនរងគ្រោះពីរនាក់ម្តាយកូន ប្លន់យកគ្រឿងអលង្ការអស់ជាច្រើន ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។ ជនរងគ្រោះមាន ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរជាម្ដាយ និងកូនស្រី តេង រ៉ាន់ អាយុ២៣ឆ្នាំ ជាកម្មការិនី។

ក្នុងនោះទ្រព្បសម្បត្តិបានបាត់បង់ពួក ក្រុមចោរបានប្លន់ទៅនោះរួមមាន៖ ទូរស័ព្ទ០២គ្រឿង LG, Nokai, ប្រាក់ ២០ម៉ឺនរៀល, ប្រាក់ដុល្លារ ១១០០ដុល្លារ, ខ្សែដៃមាស៤ខ្សែ ទម្ងន់១តម្លឹង៥ជី, ខ្សែកមាស៤ខ្សែ ទម្ងន់១តម្លឹង ៦ជី៥ហ៊ុន, ចិញ្ចៀនមាស៣វង់ ទម្ងន់៥ជី, បណ្ដោងខ្សែកមាស ចំនួន២, ចិញ្ចៀនពេជ្រ៦វង់, ខ្សែកប្លាកទីន១ខ្សែ ទម្ងន់២ជី, ខ្សែកជើង១ខ្សែ ទម្ងន់១ជី៥ហ៊ុន។
ក្រុមជនសង្ស័យចាប់បានលើកទី១ បានសារភាពថា ពួកគេពិតជាបានចូលប្លន់នៅផ្ទះជនរងគ្រោះ ជាមួយនឹងការរៀបចំគម្រោងយ៉ាងលំអិតត្រឹមត្រូវ។

ជនសង្សយ័ឈ្មោះ មាន វាសនា គេបានបដិសេធដោយមិនទាន់សារភាពទេ នៅពេលដែលសមត្ថកិច្ច បានប្រមូលភស្តុតាងគ្រប់គ្រាន់ស្ទើរអស់ហើយ។ ជាមួយការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតសម្ភារ លុយកាក់មួយចំនួនរួម ម៉ូតូស្កុបពី០១គ្រឿង កាំភ្លើង៣ដើម ក្នុងនោៈ០២ដើមមានបេសកកម្ម ដោយឡែក០១ដើមម៉ាកប៉េអាម៉ាប់ សម្រាប់ធ្វើសកម្មភាព មិនមានលិខិតស្នាមទេ។

ក្នុងប្រតិបត្តិការនោៈកំលាំងក៏បាននាំយកឪពុករបស់ឈ្មោៈ វាសនា ជាមន្ត្រីយោធាដែរ មកសាកសួរបន្ថែមជុំវិញ ការរក្សានិងទុកអាវុធ ដោយខុសច្បាប់។ បច្ចុប្បន្នជនសង្ស័យបាននាំ មកកាន់ស្នងការខេត្តកណ្តាល ដើម្បីបន្តនិតិវិធីតាមច្បាប់៕

<p s