(កំពង់ឆ្នាំង)៖ បុរសម្នាក់ត្រូវបានគេកាប់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្បែរប្រឡាយទឹកមួយកន្លែងជាប់នឹងផ្លូវក្រាលគ្រួសក្រហម។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២៣៖២០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវល្រាលគ្រួសក្រហម ស្ថិតក្នុងភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ជនរងគ្រោះឈ្មោះ ញៀន ណូយ អាយុ ៤០ឆ្នាំ រស់នៅក្នុងភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ ត្រូវបានគេកាប់ចំនួន ៣កាំបិត ដោយត្រូវចំក្បាល ១កាំបិត កផ្នែកខាងស្ដាំ ១កាំបិត និងដៃខាងស្ដាំ ១កាំបិត។

លោក ហង្ស សុជាតិ បានឲ្យដឹងទៀតថា «ជនរងគ្រោះត្រូវគេប្រហារដោយសារជម្លោះដីធ្លី»

ឆ្លងតាមការស៉ើបអង្កេត និងស្រាវ ជ្រាវរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ ទើបកងរាជអាវុធហត្ថកំណត់បានមុខសញ្ញា។ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោផ្ទាល់ ដោយសហការជាមួយកម្លាំងអាវុធហត្ថស្រុកកំពង់ត្រឡាច និងមានការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តុន នឿន ហៅ (ប្រូង) ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មុនពេលដែលខ្លួនដាច់ចិត្តសម្លាប់ជនរងគ្រោះខាងលើនេះ ដំបូងឡើយរូបគេបានដេកទៅហើយ នៅវេលាម៉ោង ១១យប់ ថ្ងៃកើតហេតុ។ បន្ទាប់មកជនរងគ្រោះ បានយកកាំបិតទៅជន្លរូបគេ ឃើញដូច្នោះជនសង្ស័យ ក៏បានជិះម៉ូតូគេចចេញពីជនរងគ្រោះ ប៉ុន្តែត្រូវបានជនរងគ្រោះជិះម៉ូតូតាមពីក្រោយខ្លួន។

លុះមកដល់ចំណុចកើតហេតុ ពេលដែលជនរងគ្រោះជិះម៉ូតូមកដល់ទន្ទឹមខ្លួន ជនសង្ស័យក៏បានដកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង៕