(តៃប៉ិ)៖ យោងតាមរបាយការណ៍ចេញផ្សាយដោយសារ​ក្រុមភ្នាក់ងារជួយសង្គ្រោះតៃវ៉ាន់ បានឲ្យដឹងថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់ដោយគ្រោះធម្មជាតិរញ្ជួយដីផែនដី ដ៏កក្រើកនៅទីក្រុងតៃណាន (Tainan) ភាគខាងត្បូងកោះតវ៉ានោះ បានកើតឡើងដល់ ១១៣នាក់ និងនៅបាត់​ខ្លួន ៤នាក់។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៦។

ក្រសួងមហាផ្ទៃតៃវ៉ាន់ ដែលទទួលបន្ទុកលើរឿងនេះ បានធ្វើការតាមដាន និង ផ្តល់ព័ត៌មានបន្តបន្ទាប់ ដោយក្នុងនោះក្រុមសង្គ្រោះនៅតែបន្ត ជីកកាយនៅតំបន់ ដែលអគារកម្ពស់ ១៦ជាន់បានបាក់រលំ ដោយសារតែមនុស្សរាប់ សិបនាក់ទៀត ទំនងជាបានស្លាប់ទៅហើយ និង បន្សល់ទុកសាកសពនៅក្នុងនោះ។ គ្រោះរញ្ជួយដីនៅតៃវ៉ាន់ កាលពីថ្ងៃ សៅរ៍ សប្តាហ៍មុននេះមានកម្រិត ៦,៤ រ៉ិចទ័រ ដែលជាកម្រិតធ្ងន់គួរសម សម្រាប់ដែនដីកោះមួយនេះ។

កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រជាជនតៃវ៉ាន់ ទូទាំងប្រទេសបាន ប្រារព្ធកាន់ទុក្ខ ជូនដល់ជនជាតិតៃវ៉ាន់ទាំងអស់ ដែលបានបាត់បង់ជីវិត ក្នុងគ្រោះធម្មជាតិដ៏អាក្រក់ ដែលបានបើកទំព័រឈើចាប់ សម្រាប់ដើមឆ្នាំ ២០១៦៕