(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល បានប្រកាសដល់ក្រុមសមាជិកសមាជិកាបក្សរបស់ខ្លួន ត្រូវបន្តសកម្មភាពឲ្យកាន់តែខ្លាំងឡើង ជាងមុនលើការចុះជួយដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីពង្រឹងការងារបក្សកាន់តែល្អប្រសើរ និងបានដឹងសុខទុក្ខរបស់ពួកគាត់ រាយការណ៍ជូនថ្នាក់ដឹកនាំ។

ការថ្លែងបែបនេះ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៣៩ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអូរតាគី ស្រុកថ្មគោល នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។

នៅក្នុងពិធីកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ប៉ង់ ណាប់ ប្រធានគណបក្សឃុំអូរតាគី និងលោក ឌៀង ម៉ាក ប្រធានគណបក្សឃុំតាម៉ឺន ស្រុកថ្មគោល ប្រធានសាខាគណបក្សភូមិ សមាជិកសមាជិកាបក្សទាំងអស់សរុប ១០០នាក់។

លោក សួស អង្គារ៍ បានជម្រាបជូនដល់មន្ត្រីបក្សដែលបានចូលរួមទាំងអស់ ជាពិសេសមន្រ្តីបក្សមកពីតាមមូលដ្ឋាន ភូមិ-ឃុំទាំង២ ក្នុងស្រុក បានជ្រាបនិងស្វែងយល់អំពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៩ អាណតិ្តទី៥ របស់គណបក្សប្រជាជន កម្ពុជា។ លោកបានបញ្ជាក់បន្ថែម អំពីខ្លឹមសារសំខាន់ៗមួយចំនួន ដែលមានដូចជា ចំណុចខ្លាំងនិងចំណុចខ្វះខាត នៃការងារពង្រឹង កសាងបក្សលើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅភារកិច្ចឈានទៅកាន់ជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតសកលជ្រើសតាំង តំណាងរាស្ត្រឆ្នាំ២០១៨ ។

លោក សួស អង្គារ៍ បានប្រាប់ដល់មន្រ្តីបក្សទាំងអស់ថា «គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សមានមហិច្ឆតាក្នុងការកសាងប្រទេសជាតិ យើងឲ្យរីកច្រើន និង រុងរឿង ដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេស ដើម្បីធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនារបស់ជាតិយើង ដោយខ្លួនឯងដោយមិននៅក្រោមគំនាប របស់នរណាម្នាក់ ឬប្រទេសណាមួយឡើយ»។

ក្នុងន័យនេះលោកបានស្នើដល់មន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយទុកផលប្រជាយោជន៍ជាធំ ដើម្បីបន្តទាក់ទាញនូវការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ជូនដល់ប្រជាជនឱ្យបានល្អ។

ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារពាក់ព័ន្ធ នឹងប្រធានបទសំខាន់ៗមួយចំនួនជូនដល់មន្រ្តី បក្សទាំងអស់ សម្រាប់យកទៅធ្វើជាមូលដ្ឋានក្នុងការធ្វើឃោសនានៅតាមមូលដ្ឋានភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលពិសេស ការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយសំណូមពរ ផ្សេងៗរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា ដាច់ខាតគណបក្សប្រជាជនកម្ពុជា និងដណ្តើជ័យជម្នះការបោះឆ្នោតឃុំ សង្កាត់២០១៧ និងបោះឆ្នោតសកលឆ្នាំ២០១៨ បន្តដឹកនាំប្រទេសជាតិនៅអាណត្តិជាបន្តបន្ទាប់ទៀត ខណៈដែលគណបក្សប្រឆាំង កំពុងបែកបាក់ផ្ទៃក្នុងនិងមានការភូតកុហក់ប្រជាពលរដ្ឋយើងកន្លងមក។ និងបានលើកឡើងពីសភាពការជាតិ និងអន្តរជាតិមកជម្រាបជូនសមាជិកបក្សថា គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
បន្ទាប់ពីសំណេះសំណាលចប់ គណៈអធិបតីក៏បានជូនថវិកាកំដរដៃទាំង១០០នាក់ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀលផងដែរ៕