(ព្រៃវែង)៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង រួមនិងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យការងារបង្កបង្កើនផល និងការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងនៅក្នុងខេត្តព្រៃវែង ។

នៅក្នុងឱកាសចុះពិនិត្យការងារនោះ លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានជម្រាបជូនលោកស្រីរដ្ឋលេខាធិការ និងក្រុមការងារ ថា ការអនុវត្តការងារ​បង្កបង្កើន​ផលដំណាំស្រូវប្រាំង នៅក្នុងខេត្តព្រៃវែង សម្រេចបានលើផ្ទៃដីចំនួន ៩៥,៩០៩ ហិកតា ស្មើនឹងប្រមាណ ១២៨ ភាគរយ នៃផែនការដែលបានដាក់ចុះចំនួន ៧៥,០០០ហិកតា ក្នុងនោះប្រមូល​ផលរួចរាល់បានចំនួន ៤៦,៤៣៨ ហិកតា ស្មើនឹងប្រមាណ ៤៨ ភាគរយ នៃផ្ទៃដីអនុវត្តបាន ។ ផ្ទៃដីដំណាំស្រូវប្រាំងជួបកង្វះខាតទឹក ដែលត្រូវបានក្រុមការងារមន្ទីររបស់លោក អន្តរាគមន៍សង្គ្រោះ ជាបន្តបន្ទាប់ មកដល់ពេលនេះ មានចំនួនសរុប ៩.៩២៩ ហិកតា នៅក្នុងស្រុកចំនួន ០៨ រួមមាន ស្រុកពាមរក៏ ពាមជរ ពារាំង ស្វាយអន្ទរ ពោធិរៀង បាភ្នំ ស៊ីធរកណ្តាល និងស្រុកព្រះស្តេច ។

លោកបន្តថា នៅក្នុងដំណើរការការងារអន្តរាគមន៍សង្គ្រោះស្រូវនេះ ក្រុមការងារមន្ទីររបស់លោក បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តកម្លាំង ៦៥ សេះ ចំនួន ១៧ គ្រឿង ម៉ាស៊ីនស្ថានីយបណ្តែតទឹក ចំនួន ០៦ គ្រឿង និងម៉ាស៊ីនរបស់សហគមន៍ទំនប់ ចំនួន ០៩ គ្រឿង ។ តាមរយៈនៃការអន្តរាគមន៍របស់មន្ទីរ ផ្ទៃដីជួបកង្វះខាតទឹកទាំងនោះ ត្រូវបានសង្គ្រោះជាបន្តបន្ទាប់  ហើយមួយចំនួន​ក៏ត្រូវបានប្រមូលផល​រួចរាល់ផងដែរ ដោយទទួលបានទិន្នផលយ៉ាងល្អប្រសើរ ។

លោកស្រីរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ក្នុងការចុះពិនិត្យជាប់​ជាប្រចាំនូវការងារបង្កបង្កើន​ផលរបស់​បងប្អូន​ប្រជាកសិករ និងជួយអន្តរាគមន៍សង្គ្រោះស្រូវដែលជួបការខ្វះខាតទឹកបានទាន់ពេលវេលា ។ លោកស្រី បានណែនាំឱ្យបន្តសកម្មភាពនេះ កាន់តែសកម្មថែមទៀត ធ្វើយ៉ាង​ណាធានាឱ្យ​បងប្អូន​បានប្រមូលផលចប់ចុងចប់ដើម ។

ជាមួយនេះផងដែរ លោកស្រីក៏បានឱ្យក្រុមការងារបច្ចេកទេសក្រសួង ធ្វើការពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមទឹកនៅតាមបណ្តាទីតាំងដែលកំពុងអន្តរាគមន៍ និងម៉ាស៊ីនដែលកំពុងរក្សា​ទុកនៅក្នុង​បរិវេណ​របស់មន្ទីរ ព្រមទាំងឱ្យរៀបចំដឹកជញ្ជូនម៉ាស៊ីនដែលមានសភាពទ្រុឌទ្រោមខ្លាំង មកធ្វើការជួសជុលឡើងវិញ នៅក្រសួងធនធានទឹក និងឧតុនិយម ៕