(ភ្នំពេញ)៖ មុខសញ្ញាម្នាក់ក្នុងចំណោម២នាក់​ ដែលតែងតែធ្វើសកម្មភាពប្រើដាវភ្ជង់  វាយប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ​តាមមូលដ្ឋាន និងជាជនប្រើប្រាស់​គ្រឿង​ញៀន​ផងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ ស្រាវជ្រាវចាប់ខ្លួនជាបន្ត​បន្ទាប់ ខណៈបក្ខពួកប្លន់ម្នាក់ទៀត​បាននិងកំពុង​រត់គេចខ្លួន ។

ក្នុងប្រតិបត្តិការនេះ​បានធ្វើឡើង ​កាលពីវេលាម៉ោង​០៥៖៣០នាទីល្ងាចថ្ងៃទី​១២ ខែ​កុម្ភ: ឆ្នាំ​២០១៦ នៅចំណុចក្រោយវិហ៊ាឥស្លាម ផ្លូវ​បេតុង ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ​ពាក់ព័ន្ធ​អំពើប្លន់​ឈ្មោះ លី រ៉ាវី  អាយុ២៨ឆ្នាំ ជាជនជាតិឥស្លាម មានមុខរបរ​មិនពិតប្រាកដ ស្នាក់នៅ ភូមិឃ សង្កាត់ច្រាំង​ចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រីឯជនរងគ្រោះឈ្មោះ សុះ លីហាស់ ភេទស្រី អាយុ៣០ឆ្មាំ មានមុខរបរលក់​មាន់ ស្នាក់នៅផ្ទះលេខ​១៤៥ ផ្លូវ៥៩៨ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងជាម្ចាស់​ម៉ូតូម៉ាកសង់​C១២៥​ពណ៍ខ្មៅ សេរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ​ភ្នំពេញ១A B៥៧៥២។

ជាមួយគ្នានេះ យុវជន៣នាក់ទៀតដែលពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន ក៏ត្រូវបានចាប់ខ្លួនផងដែរ រួមមាន ទី១ឈ្មោះស្មាន់ មហាម៉ាត់  អាយុ១៨ ឆ្នាំ ២ឈ្មោះសុល គីភ្លី  អាយុ២៥ឆ្នាំ និងទី​៣ឈ្មោះយ៉ា សាឡេះ  អាយុ២៥ឆ្នាំ អ្នកទាំង៣មានមុខរបរលក់ត្រី ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវលោក ម៉ៅ ចាន់ថុន បានឲ្យដឹងថា ក្រោយពីអធិការរងខណ្ឌឫស្សីកែវ​ទទួលផែនព្រហ្មទណ្ឌលោក អ៉ីវ ឈុនភេង ទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ក្រោមការបញ្ជាពីលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវនោះ កម្លាំងនគរបាលព្រហ្មទណ្ឌបើកការស៊ើបអង្កេតបង្ក្រាជាក់ស្ដែងដោយឃាត់ខ្លួនមុខសញ្ញាប្រើដាវ វាយប្លន់យកម៉ូតូនិង ទ្រព្យសម្បត្តិផ្សេងៗពីប្រជាពលរដ្ឋក្នុងភូមិសាស្ដ្រខណ្ឌឫស្សីកែវ ម្នាក់ឈ្មោះលី រ៉ាវី ដោយបានដកហូតម៉ូតូសង់ឌ្រីម១គ្រឿង និងឈានទៅឃាត់ខ្លួនយុវជន៣នាក់ បន្ថែមទៀត​ដែលត្រូវជាប់សង្ស័យ​ពាក់ព័ន្ធ​ករណីប្រើប្រាស់គ្រឿងញៀន ដោយឡែកបក្ខពួកជនសង្ស័យម្នាក់ទៀត ដែលតែងតែធ្វើសកម្មភាពវាយប្លន់ បាននិងកំពុងរត់គេចខ្លួន ។

បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យករណីប្លន់និងជនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងបាននិងកំពុងឃុំខ្លួនសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ដោយសមត្ថកិច្ចបាន​បន្តការស្រាវជ្រាវស្វែង​រកចាប់ខ្លួនបក្ខពួកម្នាក់ទៀត ដើម្បីយកផ្ដន្ទាទោសតាមច្បាប់ផងដែរ។