(ពោធិ៍សាត់)៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានច្រានចោលចំពោះការចុះផ្សាយថា មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិ សាស្ត្រខេត្តពោធិ៍សាត់ ជាប់ព័ន្ធនឹងបទល្មើសលួចក្របីប្រជាពលរដ្ឋ និងភ្លះយកភ្លៅនៅឃុំសន្លែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីពេលកន្លងមកនេះ។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា «ការចុះផ្សាយខាងលើ គ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈបង្កាច់បង្អួច ញុះញុង ប៉ះពាល់ដល់កិត្តិយស មន្ត្រីឧទ្យានុរក្ស និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់»

ក្នុងសេចក្តីបំភ្លឺនោះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោក ភួង ស៊ីនឿន ជាមន្ត្រីឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ភូមិ សាស្ត្រខេត្តពោធិ៍សាត់ បានធ្វើដំណើរចេញពីស្នាក់ការម៉ោក វេលាម៉ោង១៥៖៣៥នាទី ទៅគោលដៅឈរ ជើងស្នាក់ការរងអូរសោម ស្ថិតនៅក្នុងភូមិរាំងខ្វាវ ឃុំសន្លែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពេលទៅដល់ភ្នំកាយ ជាកន្លែងមានសេវាទូរស័ព្ទ គាត់បានដកទូរស័ព្ទ ដើម្បីប្រើប្រាស់ ប៉ុន្តែគាត់រកទូរស័ព្ទក្នុងហោប៉ៅមិនឃើញទើបគាត់ដឹងថាទូរស័ព្ទនោះបានជ្រុះបាត់។

បើតាមសេចក្តីបំភ្លឺដដែល បានឱ្យដឹងថា ភួង ស៊ីនឿន បានជិះម៉ូតូត្រឡប់ក្រោយដើម្បីរកទូរស័ព្ទ ប៉ុន្តែរកមិនឃើញ និងបានជួបទាហានពីរម៉ូតូមានគ្នាបួននាក់ ហើយបានសួរថាឃើញទូរស័ព្ទដែលគាត់បានជ្រុះ នោះឬទេ ប៉ុន្តែពួកគាត់បានឆ្លើយថា មិនបានឃើញទេ។ ហើយគាត់ក៏បានជិះម៉ូតូត្រឡប់ទៅគោលដៅប្រចាំការវិញ តែម្តង។

លុះស្អែកឡើងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ គាត់បានទៅផ្សារក្រវាញ ដើម្បីទិញទូរស័ព្ទថ្មី ហើយបានរាយការណ៍ទៅលោក គឹម សុខពេជ្រ ជានាយករងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អំពីការជ្រុះបាត់ទូរស័ព្ទនៅចំណុចភ្នំកាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩៖២០នាទីព្រឹក តាមប្រព័ន្ធតេលេក្រាម និងបានស្នើសុំឱ្យលោក គឹម សុខពេជ្រ ជួយបញ្ចូលលេខទូរស័ព្ទថ្មី ចូលក្នុងក្រុមតេលេក្រាមការងាររបស់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០៖៣០នាទីព្រឹក លោក ភួង ស៊ីនឿន បានសុំអនុញ្ញាតច្បាប់ពីលោក គឹម សុខពេជ្រ តាមរយៈប្រព័ន្ធតេលេក្រាម ដើម្បីទៅចូលរួមកម្មវិធីជប់លៀងសម្ពោធស្លាកក្រុមហ៊ុន ជីសរីរាង្គ របស់លោក ជិន និត នៅភូមិគល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ព្រមទាំងបានឡើងច្រៀងចម្រៀងនៅក្នុងកម្មវិធី ដោយមានសាក្សីជាច្រើនបានឃើញផងដែរ។ ម្យ៉ាងវិញទៀត អធិការដ្ឋាននគរបាលស្រុកក្រគរ ក៏កំពុងធ្វើការស្រាវជ្រាវទៅលើករណី ចោទប្រកាន់នេះផងដែរ។

ទាក់ទងនឹងករណីខាងលើនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏សូមធ្វើការបដិសេដទាំងស្រុងចំពោះការចុះផ្សាយ របស់គណនីទាំងពីរខាងលើ និងសូមសាធារណជនទាំងអស់មេត្តាទទួលជ្រាបជាព័ត៌មាន៕