(កំពង់ធំ)៖ រដ្ឋបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តយុទ្ធនាការអប់រំ ណែនាំ ផ្សព្វផ្សាយ និងតាមដានត្រួតពិនិត្យការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល នៅតាមអាហារដ្ឋាន ផ្ទះសំណាក់ ផ្សារ វត្តអារាម កន្លែងលក់ដូរតាមផ្ទះ រមណីយដ្ឋាន និងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ។

ក្នុងនោះក្រុមការងារបានធ្វើសកម្មភាព អប់រំណែនាំវិធានការសុខាភិបាល ចែកម៉ាស់ បាញ់អាល់កុល ផ្សព្វផ្សាយតាមមេក្រូគ្រប់ភូមិ-ឃុំ ចុះអប់រំផ្ទាល់តាមផ្ទះ វត្តជាដើម។ ក្រៅពីនោះ ក្រុមការងារបានចុះអប់រំដល់ពលករទើបវិលមកផ្ទះវិញឱ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃឱ្យបានត្រឹមត្រូវ។

សូមជម្រាបថា ការចុះធ្វើយុទ្ធនាការនេះត្រូវបានធ្វើឡើងដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាសារអប់រំរបស់ក្រសួងសុខាភិបាល និងការណែនាំបន្ថែមរបស់លោក ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំផងដែរ៕