(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា ម៉ាគែល (Angela Markel) បានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ព្យាយាមសម្របសម្រួល និងជាពិសេស គឺការធ្វើកំណែទម្រង់សហភាពអឺរ៉ុប ដើម្បីឲ្យអង់គ្លេសអាចផ្តល់ទំនុកចិត្តឡើងវិញ ក្នុងការបន្តធ្វើជាសមាជិកសហគមន៍នេះទៅមុខទៀត។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។

លោកស្រី ម៉ាគែល ថ្លែងក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីដ ខាម៉េរ៉ូន (David Cameron) ដូច្នេះថា «យើងចង់ឲ្យចក្រភពអង់គ្លេស នៅកសាងអនាគតយូរអង្វែង ដើម្បីធ្វើជាសមាជិកក៏សកម្មរបស់សហភាពអឺរ៉ុប។ វត្តមានរបស់អង់គ្លេស គឺជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ហើយយើងក៏តែងតែត្រូវការគ្នា ទៅវិញទៅមកមិនអាចខ្វះបានដែរ»។

គួរបញ្ជាក់ថា អង់គ្លេស បានទាមទារឲ្យអឺរ៉ុប ធ្វើកំណែទម្រង់មួយចំនួន នៅរយៈពេលពីរឆ្នាំចុងក្រោយនេះ ដើម្បីសម្រួលដល់ការទទួលបានផលប្រយោជន៍រវាងប្រទេសទាំងអស់ ប៉ុន្តែវាមិនត្រូវបានសហគមន៍ទាំងមូល​ឯកភាពនោះឡើយ។ ប្រការនេះ អង់គ្លេស បានព្រមានថា នឹងចាកចេញពីសហគមន៍នេះ ប្រសិនបើនៅតែមិនអាចដោះស្រាយអ្វីបាន៕