(​សេ​អ៊ូ​ល​)៖ យោង​តាម​សារព័ត៌មាន​ស៊ិនហួ ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​នេះ បានឲ្យដឹងថា កូរ៉េខាងត្បូង នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន នៅ​ដើម​សប្តាហ៍​ក្រោយ ដើម្បី​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល​ទុកជាមុន បន្ទាប់ពី​មាន​ការបាញ់​គ្រាប់​រ៉ូកែត​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​កូរ៉េខាងជើង ខណៈ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បាន​កាត់ផ្តាច់​ថាមពលអគ្គីសនី នៅ​តំបន់ Kaesong ជា​សួន​ឧស្សាហកម្ម​រួមគ្នា​មួយ ជាមួយ​កូរ៉េ​ខាងជើង​។

​បើតាម​សម្តី​មន្ត្រី​មួយ​រូប​មិន​បញ្ជាក់​ឈ្មោះ នៃ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង បានឲ្យដឹងថា ការពិភាក្សាគ្នា នឹង​ផ្តោត​សំខាន់​លើ​ការដាក់​ប្រព័ន្ធ​ការពារ​តំបន់​កម្រិត​ខ្ពស់ ជាមួយ​យោធា​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់​ពី​ការបាញ់​គ្រាប់​រ៉ូកែត​របស់​កូរ៉េ​ខាងជើង កាលពី​ចុង​សប្តាហ៍​មុន​។ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន បានឲ្យដឹងថា ការបាញ់​គ្រាប់​រ៉ូកែត​នេះ គឺជា​ការបំពាន​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ​។

​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ព្រមាន​កូរ៉េខាងជើង នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូរ៉េខាងជើង បានធ្វើ​សកម្មភាព​ខុសច្បាប់ ក្នុងការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង និង​ការបណ្តេញ​បុគ្គលិក​កូរ៉េខាងត្បូង ឲ្យចេញ​ពី​តំបន់​ឧស្សាហកម្ម​រួម​នៅ​ទីក្រុង Kaesong​។​

​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​កូរ៉េខាងត្បូង លោក Hong Yong-Pyo បានឲ្យដឹងថា ការសម្រេច​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ដែល​បាន​ទាត់​ចោល​ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង គឺ​ពិតជា​គួរឲ្យ​សោកស្តាយ ហើយ​លោក​បន្តថា កូរ៉េខាងជើង​គួរតែ​ទទួលខុសត្រូវ ចំពោះ​ផលវិបាក​ណាមួយ​ដែល​កើតឡើង​។​

​សូម​ជំរាប​ថា នៅ​ថ្ងៃ​ពុធ កូរ៉េខាងត្បូង បាន​ផ្អាក​ប្រតិបត្តិការ នៅ​តំបន់​សួន​ឧស្សាហកម្ម Kaesong ជា​ការឆ្លើយតប​ទៅនឹង ការបាញ់​គ្រាប់​រ៉ូកែត និង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែ កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ របស់​កូរ៉េ​ខាងជើង ដោយ​តំបន់​ឧស្សាហកម្ម​នេះ មាន​ទីតាំង​នៅក្នុង​ទឹកដី​កូរ៉េខាងជើង ហើយ​បាន​ប្រតិបត្តិការ អស់​រយៈពេល​ជាង​មួយ​ទសវត្ស​ន៍​កន្លងមកហើយ ខណៈ​កូរ៉េខាងជើង បាន​ហៅ​ទង្វើ​នេះ​ថា ជា​ការប្រកាសសង្គ្រាម ហើយ​បាន​បណ្តេញ​ក្រុមកម្មករ ជនជាតិ​កូរ៉េ​ខាងត្បូង ដែល​ធ្វើការ​នៅ​តំបន់ Kaesong ឲ្យចេញ​ពី​ទឹកដី​របស់​ខ្លួន ដោយ​ដាក់​តំបន់​នេះ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យោធា​៕​