(ភ្នំពេញ)៖ តបតាមសំណើរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាការចូលរួមចំណែកការពារ និងកាត់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងសហគមន៍ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាថ្មីម្តងទៀត សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក្រោមកិច្ចសហការពី Cambodia Country Club (CCC), Cambo Handsom LTD, China Textile Association and PPSEC Company LTD. បានឧបត្ថម្ភម៉ាសចំនួន២៤ម៉ឺនម៉ាស ដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចែកជូនសិស្សានុសិស្ស សម្រាប់ប្រើប្រាស់ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

អនុលោមតាមវិធានការណ៍ ដែលកំណត់ដោយក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ និងក្នុងគោលដៅចូលរួមអនុវត្តវិធានការការពារ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈការកាត់បន្ថយការជួបជុំ ក្រសួងអប់រំ យុវជន និងកីឡា និងសមាគម បានសម្រេចប្រគល់ និងទទួលម៉ាស ដោយមិនចាំបាច់មានពិធីប្រគល់ ទទួលម៉ាស់ ដែលបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងដោយផ្ទាល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទាំងសងខាង តំណាងម្ចាស់ជំនួយក៏ដូចជាភាគីពាក់ព័ន្ធ។

ស្របពេលជាមួយគ្នានេះដែរ សមាគមក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បុគ្គលិក កម្មករ កម្មការិនី អាជីវករ ប្រជាពលរដ្ឋទូទៅ ជាពិសេសសិស្សានុសិស្ស ដែលនឹងត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ សូមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការណ៍ ដាក់ចេញដោយក្រសួងសុខាភិបាល ដោយរក្សាគំលាតសុវត្ថិភាព លាងដៃជាមួយនិងអាលកុល ឬទឹកសម្លាប់មេរោគឲ្យបានញឹកញ៉ាប់ ក៏ដូចជាពាក់ម៉ាស ឲ្យបានត្រឹមត្រូវតាមការណែនាំ។

សមាគមបានបញ្ជាក់ថា ម៉ាសខាងលើនេះ ត្រូវបានផលិតដោយរោងចក្រ ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវជាមួយនឹងរដ្ឋបាលឱសថ និងអាហារនៃសហរដ្ឋអាមេរិក ហើយការផលិតម៉ាសនេះ ក៏ត្រូវបាន ទទួលស្គាល់ដោយបទដ្ឋាន របស់សហភាពអ៊ឺរ៉ុបផងដែរ។

សមាគមសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗសិស្សានុសិស្ស នឹងប្រើម៉ាស់ដែលផ្តល់ជូនដោយសមាគម និងម្ចាស់ជំនួយដូចមានរាយនាម ឲ្យមានប្រសិទ្ធិភាពបំផុត ឆ្ពោះទៅរកការការពារឲ្យបាននូវការីរាលដាលបន្តក្នុងសហគមន៍៕