(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ស្ត្រីជនជាតិថៃ ឈ្មោះ ស៊ីតានុន សាតសាក់សិទ្ធិ SITANAN SATSAKSIT អាយុ៤៨ឆ្នាំ បានចូលខ្លួនតាមដីការកោះហៅរបស់លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំភ្លឺពីដំណើររឿងចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

បើតាមដីការកោះដែលអង្គភាពព័ត៌មាន Fresh News ទទួលស្ត្រីជាតិរូបនេះ កាន់អត្តសញ្ញាណប័ណសញ្ជាតិថៃលេខ ៣៣០៩៩០០២៥៥០៥៨ ហើយមានអាស័យដ្ឋាននៅផ្ទះលេខ ២៩៩ តំបន់ណៃអ៊ឹង ខេត្តអ៊ូប៊ុន រាឆាថានី ប្រទេសថៃ គឺជាដើមបណ្តឹង។

ប្រភពបានឲ្យដឹងថា មុនចូលឈានដល់ដំណាក់កាលប្តឹងនៅតុលាការ ប្រទេសកម្ពុជា គឺដោយសារស្ត្រីថៃឈ្មោះ ស៊ីតានុន សាកសាតសិទ្ធិ បានបាត់ដំណឹងប្អូនរបស់ខ្លួន ក្នុងកំឡុងពេលដែលឆ្លងចូលមកកាន់ប្រទេសកម្ពុជា ហើយបានត្រូវគេចាប់នៅចំណុចតាមបណ្តោយផ្លូវមាត់ទន្លេមេគង្គ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលស្ត្រីដើមបណ្តឹងបានអះអាងថា ជាករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត លើប្អូនប្រុសរបស់ខ្លួន៕