(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន៩លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្ស​ស្លាប់២នាក់ ​(ប្រុស) រងរបួសធ្ងន់៧នាក់ ​(ស្ត្រីម្នាក់) និងរបួសស្រាល៥នាក់ (ប្រុស) នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ទាំង៩លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៦គ្រឿង រួមមានម៉ូតូ​ចំនួន៩គ្រឿង រថយន្តធុនតូចចំនួន៦គ្រឿង យានផ្សេងៗ១គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៣លើក មិនគោរពសិទ្ធិ១លើក មិនប្រកាន់ស្តាំ២លើក និងប្រជែងគ្រោះថ្នាក់៣លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍១៣នាក់ ​(​យប់៧នាក់)។

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ​ ​​លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែលល្មើស​ សរុប​ទូទាំងប្រទេស​មាន ចំនួន ៩១៩៦គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ៤១៧៤គ្រឿង ​និងពិន័យ​សរុប ៥០២២គ្រឿង៕