(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋមេរិក នាថ្ងៃទី១៥-១៦ ខែកុម្ភៈ សប្តាហ៍ក្រោយនេះថា ជាឱកាសមួយដ៏ល្អក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែទូលំទូលាយជាងមុន ស៊ីជម្រៅជាងមុន ប្រសិទ្ធភាពជាងមុនក្នុងក្របខ័ណ្ឌដៃគូរយុទ្ឋសាស្ត្រ រវាងប្រទេសជាសមាជិកអាស៊ាន ជាមួយសហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook របស់សម្តេចផងដែរថា នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈស្អែកនេះ សម្តេចនឹង ដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចេញទៅចូលរួមកិច្ចប្រជុំនេះហើយ តបតាមការអញ្ជើញរបស់លោក ប៉ារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសធ្លាប់ បានឲ្យដឹងផងដែរថា មន្ត្រីជាន់ខ្ពស់ ដែលអមដំណើរនាយករដ្ឋមន្រ្តី ទៅចូលរួមកិច្ចប្រជុំនេះរួមមាន៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា, ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា។

កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នេះ មានបញ្ហាជាច្រើននឹងត្រូវលើកយកមកពិភាក្សាមានទាំងបញ្ហាសន្តិសុខក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ក្នុងនោះរួមមានបញ្ហាជម្លោះក្នុងសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយប្រទេសជាសមាជិកអាស៊ានផងដែរ៕