(បន្ទាយមានជ័យ)៖ ក្រុមចោរក្មេងស្ទាវ៦នាក់ តែងតែចេញធ្វើសកម្មភាពលួចម៉ូតូយ៉ាងកក្រើក ក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាប បានទាំងអស់ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ និងបានដកហូតម៉ូតូបាន៥គ្រឿង នៅក្នុងប៉ោយប៉ែតតែម្តង។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយយោងតាមពាក្យបណ្ដឹងជនរងគ្រោះដែលបាត់ម៉ូតូមានឈ្មោះ គឹម ណាវី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត បាត់ម៉ូតូ១គ្រឿង ម៉ាកស៊ូម័រអិច ពណ៍ស ក្រហម ស្លាកលេខ បន្ទាយមានជ័យ 1T- 8455 នៅចំណុចភូមិក្បាលស្ពាន១, ឈ្មោះ សំ សុជា ភេទប្រុស អាយុ២៧ឆ្នាំ បាត់ម៉ូតូហុងដាដ្រីម ពណខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1N- 1884 , ឈ្មោះ ហាក់ ឆ័ងហ៊ុយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បាត់ម៉ូតូម៉ាក វេវពណ៌ខ្មៅ បិតស្កុតពណ៍ទឹកប៊ិច។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីបានទទួលពាក្យបណ្តឹង និងអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកំលាំងនគរបាល១ក្រុម ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់ មានទី១៖ ឈ្មោះ រឿន ពិសិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ, ទី២៖ ឈ្មោះ ម៉ៅ មករា ហៅអារាមីន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៣៖ ឈ្មោះ តឿន ពាង ហៅរើន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៤៖ ឈ្មោះ កាន រ៉ង ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥៖ ឈ្មោះ ហេង ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ, ទី៦៖ ឈ្មោះ វឿ សូវៀត ភេទប្រុស អាយុ២៦ឆ្នាំ។

តាមចំលើយរបស់ជនសង្ស័យទាំង៦នាក់ បានឆ្លើយថា បក្សពួករបស់ខ្លួនបានសហការណ៍គ្នាមានអ្នកចេញលួច មានអ្នកចាំទទួលទិញ និងមានអ្នកយកទៅកែឆ្នៃ យកទៅលក់ផងដែរ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រោយពីបានចំលើយសារភាពហើយ ជនសង្ស័យទាំ៦នាក់ បានបញ្ជូនទៅស្នងការ និងបានរៀបចំឯកសារបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមច្បាប់៕