(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ មានអ្នកលក់ និងអ្នកជក់ថ្នាំញៀន ចំនួន៤នាក់ ត្រូវកម្លាំងអាវុធហត្ថស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បង្ក្រាបបាន។ ការឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់នេះ ក្រោយពីទទួលបានព័ត៌មានតាមទូរស័ព្ទ ពីប្រជាពលរដ្ឋថា មានយុវជន១ក្រុមកំពុងលក់ថ្នាំញៀន នៅចំណុចភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក។

ដឹកនាំដោយលោកវរសេនីយ៍ត្រី ដុំ ចិត្រ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកថ្មពួក បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៤នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន២កូនថង់តូច និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ូតូចំនួន៣គ្រឿង។ ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានអាវុធហត្ថ ស្រុកដើម្បីធ្វើការសាកសួរ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

លោក ដុំ ចិត្រ បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យទាំង៤នាក់ រួមមាន៖

* ឈ្មោះ ម៉ី យ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក
* ឈ្មោះ ស្រឿន សុខឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក
* ឈ្មោះ ញឿន គឹមហេង អាយុ២៤ឆ្នាំ ស្នាក់នៅ និងធ្វើចំការ ស្ថិតក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក
* ឈ្មោះ សំបូរ តៅមិញស៉ឺ ភេទប្រុស អាយុ១៥ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក។

ជនសង្ស័យទាំង៤នាក់ ក្រោយពីកម្លាំងជំនាញសួរចម្លើយរួចមក បានឆ្លើយសារភាពថា ពួកគេពិតជាទុកថ្នាំញៀនសម្រាប់យកទៅលក់បន្តពិតប្រាកដមែន។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញគ្រឿងញៀនបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ហើយនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០នេះផងដែរ៕