(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅលោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ សហការជាមួយកម្លាំងសមត្ថកិច្ចចុះបង្ក្រាបល្បែងស៉ីសងខុសច្បាប់ (ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ) ១កន្លែង ហើយឈានដល់ការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេង ចំនួន៧នាក់ និងដកហូតវត្ថុតាងកុំព្យូទ័ ចំនួន១៤គ្រឿង។

ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ (ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ) ហើយឈានដល់ការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកលេង ចំនួន៧នាក់ និងដកហូតវត្ថុតាងកុំព្យូទ័ ចំនួន១៤គ្រឿងនេះ គឺបានបើកប្រតិបត្តិការឡើង ក្រោយពីទទួលបានសេចក្ដីរាយការជាបន្តបន្ទាប់ ពីប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្ទះលេខ១៧៩អា ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់បន្ថែមរបស់លោក នុត សាវី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ចំពោះវត្ថុតាងកុំព្យូទ័រ ចំនួន១៤គ្រឿង ដែលបានដកហូតជាវត្ថុតាង, អ្នកមើលការខុសត្រូវទីតាំង និងអ្នកលេងសរុប៧នាក់ ដែលបានឃាត់ខ្លួន ត្រូវបានបញ្ជូនទាំងអស់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្តនិតិវិធីច្បាប់៕